កៅអី Champions League របស់ក្រុមនៅអង់គ្លេសប្រែប្រួល នៅពេល Aston ឈ្នះជើងឯក UEL
21-05-2026 13:22
(ឡុងដ៍)៖ ក្រុមបាល់ទាត់ Aston Villa ត្រូវបានប្រកាសទទួលបានកៅអីស្វ័យប្រវត្តិនៃវគ្គ League Phase នៅកម្មវិធី UEFA Champions League រដូវកាលក្រោយ ដែលធ្វើឱ្យអង់គ្លេសកើនបាន ៦ក្រុមនៅពានលំដាប់កំពូលអឺរ៉ុបនេះ ក្រោយដណ្តើមបានពាន Europa League រដូវកាលនេះថែមទៀត។
បើយោងតាមការចេញផ្សាយពីគេហទំព័រកីឡា BBC បានឱ្យដឹងថា ក្រុមរបស់លោក Unai Emery ត្រូវបានប្រកាសពីការធានាបានកៅអី UCL 2026-27 រួចស្រេចហើយ ក្នុងចំណោម ៥ក្រុមចេញពីលីគកំពូលអង់គ្លេស Premier League ពោលគឺក្រោយពេលពួកគេបានយកឈ្នះ Liverpool ៤-២ មកម្ល៉េះ។
ប្រសិនបើ Aston មិនបញ្ចប់ក្នុងតំណែង Top-5 នៅ Premier League ក៏ពួកគេទទួលបានកៅអី UCL រដូវកាលក្រោយដែរ ក្នុងនាមជាជើងឯក UEFA Europa League រដូវកាលនេះ ក្រោយបំបាក់ Freiburg ៣-០ ដើម្បីឈ្នះពានអឺរ៉ុបលើកដំបូង ក្រោយរង់ចាំអស់ ៤៤ឆ្នាំ។
ដូច្នេះញាំងឱ្យហង្សក្រហម Liverpool ដែលជាអតីតជើងឯក UCL កាលឆ្នាំ២០១៩ ក៏ធានាបានកៅអីពានធំអឺរ៉ុបនេះដែរ ដោយចូលរួមជាមួយ Arsenal, Manchester City, Manchester United និង Aston Villa ក្នុងនាមក្រុមឈរនៅលេខ៥ គ្រាដែល AFC Bournemouth ឈរលេខ៦ និង Brighton ឈរលេខ៧ ត្រូវប្រជែងគ្នាយក Top-6 ដែលត្រូវលេងបិទរដូវកាលនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុងប្រកួតទី៣៨ ដូចៗគ្នា។
ក្នុងករណីពិសេសមួយទៀត ប្រសិនបើ Aston ស្ថិតនៅក្រៅតំបន់កៅអី Top-5 នៅ Premier League រដូវកាលនេះ ក្នុងនាមជាជើងឯក Europa League រដូវកាលឆ្នាំ២០២៥-២៦ ក៏ពួកគេទទួលបានកៅអី UCL ដែរក្នុងចំណោម ៦ក្លិប របស់អង់គ្លេសដដែល៕



