លោក Mark Zuckerberg អះអាងថា ឆ្នាំនេះ Meta លែងមានការដេញបុគ្គលិកទ្រង់ទ្រាយធំទៀតហើយ តែបុគ្គលិកហាក់មិនជឿជាក់

21-05-2026 13:44

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានផ្ញើសារលិខិតផ្ទៃក្នុងមួយទៅកាន់បុគ្គលិក ដោយបញ្ជាក់ថា លោកមិនរំពឹងថានឹងមានការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនៅទូទាំងក្រុមហ៊ុនបន្ថែមទៀតទេនៅក្នុងឆ្នាំនេះ។ ការប្រកាសនេះបានធ្វើឡើងចំថ្ងៃដែលក្រុមហ៊ុនមេរបស់ Facebook និង Instagram មួយនេះ បានអនុវត្តការរៀបចំរចនាសម្ព័ន្ធដ៏ធំ ដោយកាត់បន្ថយបុគ្គលិកអស់ ១០ ភាគរយនៃកម្លាំងពលកម្មសរុប និងផ្ទេរបុគ្គលិក ៧,០០0 នាក់ផ្សេងទៀតឱ្យទៅធ្វើការលើគម្រោងថ្មីៗពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងអនុស្សរណៈផ្ទៃក្នុងនោះ លោក Mark Zuckerberg បានថ្លែងយ៉ាងច្បាស់ៗថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា យើងមិនរំពឹងថានឹងមានការបញ្ឈប់បុគ្គលិកនៅទូទាំងក្រុមហ៊ុនផ្សេងទៀតនោះទេនៅក្នុងឆ្នាំនេះ។ ខ្ញុំក៏ចង់ទទួលស្គាល់ផងដែរថា ការប្រាស្រ័យទាក់ទងរបស់យើងកន្លងមកមិនទាន់មានភាពច្បាស់លាស់ដូចអ្វីដែលយើងចង់បាននៅឡើយទេ ហើយនោះគឺជាចំណុចមួយដែលខ្ញុំចង់ធានាថាយើងនឹងកែលម្អ»។

ទោះជាមានការអះអាងបែបនេះក្តី ក្រុមបុគ្គលិកហាក់បីដូចជាមិនទាន់មានទំនុកចិត្តទាំងស្រុងនោះទេ ដោយពួកគេបានចូលទៅបញ្ចេញមតិ (Comments) ឌឺដងដោយស្រង់ពាក្យសម្តីចំៗរបស់លោកត្រង់ពាក្យថា «នៅទូទាំងក្រុមហ៊ុន» និងពាក្យថា «រំពឹង»។ បុគ្គលិកម្នាក់បានសរសេរកត់សម្គាល់បែបចំអកថា៖ «រឿងរ៉ាវខ្លះ ពេលខ្លះវាកើតឡើងដោយ "មិនបានរំពឹងទុក" នោះទេ»។ ខណៈពេលជាមួយគ្នានេះ អ្នកនាំពាក្យរបស់ Meta បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយជុំវិញប្រតិកម្មរបស់បុគ្គលិកទាំងនោះឡើយ។

គួរជម្រាបថា ការកាត់បន្ថយ និងប្តូរតំណែងបុគ្គលិកដែលប៉ះពាល់ដល់កម្លាំងពលកម្មសរុបរហូតដល់ ២០ ភាគរយនៅក្នុងសប្តាហ៍នេះ គឺជាផ្នែកមួយនៃការកែទម្រង់រចនាសម្ព័ន្ធដ៏ធំរបស់ Meta ដើម្បីងាកទៅវិនិយោគយ៉ាងគំហុកលើផ្នែក AI ក្នុងគោលបំណងដាក់បញ្ចូលប្រព័ន្ធភ្នាក់ងារ AI (AI agents) ទៅក្នុងផលិតផល និងការងារផ្ទៃក្នុង។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍កាលពីមុនថា ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយនេះ ធ្លាប់មានគម្រោងកាត់បន្ថយបុគ្គលិកបន្ថែមយ៉ាងគំហុកទៀតសម្រាប់ពេលចុងឆ្នាំនេះ ដែលធ្វើឱ្យស្ថានភាពការងារផ្ទៃក្នុងនៅតែបង្កការព្រួយបារម្ភដល់បុគ្គលិកដដែល៕