ក្លិប ISI រុះរើគ្រូ និងកីឡាករទ្រង់ទ្រាយធំ ក្រោយបរាជ័យគោលដៅ Top-4 មកឈរបាតតារាងក្នុងលីគ

21-05-2026 15:53

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានបើកយុទ្ធនាការរុះរើកីឡាករទ្រង់ទ្រាយធំ ក៏ដូចជាផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ក្រោយបញ្ចប់រដូវកាលមិនទាន់បាន ១សប្ដាហ៍ផង ដោយក្លិបបានប្រកាសចែកផ្លូវជាមួយគ្រូបង្គោល ព្រមទាំងកីឡាករខ្មែរ និងបរទេសរុប ១៤រូប ត្រឹមរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ។

គិតត្រឹមរសៀលថ្ងៃទី២១ ខែឧសភានេះ កីឡាករដែល ISI បានចែកផ្លូវគឺមានកីឡាករ ឡុង ម៉េងហាវ, ស៊ិន ថាវិស៊ីវ, កែវ សារ៉ាត, ជា ចាន់ដារ៉ា, រុំ រក្សា, ឈុំ សុខហៃ, វ៉ឹង យ៉ុងជេ, អ្នកចាំទី លី កក្កដា,នាង ផាន់និត និងអ្នកចាំទីវ័យក្មេង ជា សាវីន។ រីឯកីឡាករបរទេស គឺមានកីឡាករព័រទុយហ្គាល់ Jaoa Rodrigues, Bruno Ernandes (ប្រេស៊ីល), Umaru Samura (សៀរ៉ាឡេអូន) និងកីឡាករជប៉ុន Shogo Akiba។

ដោយឡែកលោក ទុំ សារ៉ាយ ដែលត្រូវបានក្លិបមានមូលដ្ឋាននៅតំបន់វេងស្រេង ដំឡើងពីគ្រូបង្វឹកក្រុមយុវជន មកជាគ្រូបង្គោលក្រុមធំរបស់ក្លិបកាលពីពាក់កណ្ដាលរដូវកាលឆ្នាំ២០២៤/២៥ ក៏ត្រូវបានក្លិបចែកផ្លូវផងដែរ។

នេះគឺជាការរុះរើមួយដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីក្រុមធ្វើមិនបានល្អក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដោយឈរនៅបាតតារាង (លេខ១១) ក្រោយឆ្លងកាត់ ២៨ប្រកួត ឈ្នះ ៤ ស្មើ ៦ និងចាញ់ ១៨ប្រកួត រកបាន ១៨ពិន្ទុ ផ្ទុយពីគោលដៅរបស់ថ្នាក់ដឹកនាំ ដែលចង់ប្រជែងតំណែង Top-4 ក្នុងរដូវកាលនេះ។

គួរដឹងថា ក្រោយចប់លីគភ្លាមគេឃើញមាន ២ក្រុម ដែលបានធ្វើការរុះរើកីឡាករទ្រង់ទ្រាយធំ ក្នុងនោះក្រៅពី ISI ដង្កោសែនជ័យ គឺមានក្លិបភ្នំពេញក្រោន ដែលបានប្រកាសចែកផ្លូវជាមួយកីឡាករហូតដល់ ១២នាក់ ត្រឹមរយៈពេល ២ថ្ងៃដូចគ្នា ហើយក្លិបផ្សេងៗក៏បានប្រកាសចែកផ្លូវជាមួយកីឡាករជាបណ្ដើរៗផងដែរ ក្នុងការផ្លាស់ប្ដូរត្រៀមរដូវកាលថ្មីខាងមុខ៕