អបអរសាទរ ពិធីសូត្រមន្តបុកគ្រឹះសាងសង់អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ (ទួលពង្រ) លើផ្ទៃដី១១ហិតា ដែលអាចទទួលនិស្សិតឱ្យចូលរៀនបាន ៥០,០០០នាក់

21-05-2026 18:44

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំ បើកការដ្ឋានបុកគ្រឹះសាងសង់ អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ (ទួលពង្រ) លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ប៊ូ អ៊ា ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករង-អគ្គនាយិការងនៃប៊ែលធី គ្រុប ភ្ញៀវកិត្តិយសអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃប៊ែលធី គ្រុប សាកលវិទ្យាធិការរង ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ និងនាយកសាខានៃសាលា ប៊ែលធី អន្តរជាតិ ផងដែរ ។

អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ ដែលកំពុងសាងសង់នេះ ត្រូវបានរចនាឡើងតាមបែបទំនើប ស្របតាមស្តង់ដារអន្តរជាតិ ដែលសាងសង់លើផ្ទៃដីសរុប ១១ហិតា មានទីធ្លាធំទូលាយ បរិយាកាសល្អ សុវត្ថិភាព និង ផាសុកភាពសម្រាប់និស្សិត រួមជាមួយនឹងការ បំពាក់នូវសម្ភារៈសិក្សាទំនើបៗ ដើម្បីបំពេញតម្រូវការសិក្សា ការស្រាវជ្រាវ និងការអភិវឌ្ឍ ជំនាញរបស់និស្សិតឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ស្របតាមការរីកចម្រើន របស់សង្គមជាតិ និងការវិវឌ្ឍនៃបច្ចេកវិទ្យានាសម័យឌីជីថល។

ជាពិសេស សាកលវិទ្យាល័យ ទីតាំងទី៣នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំកម្ពុជា និងផ្តល់ឱកាសសិក្សាកាន់តែងាយស្រួល ជូនដល់និស្សិតនៅក្នុងប្រទេស និងជុំវិញពិភពលោក ដែលអាចទទួលនិស្សិតឱ្យចូលរៀនបានប្រមាណ ៥០,០០០នាក់។

សូមជម្រាបជូនផងដែរថា បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានចំនួន ៣ទីតាំង រួមមាន ៖

* សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ស្ថិតនៅអគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ)

* សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ ស្ថិតនៅអគារលេខ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ចម្ងាយប្រហែល ៥០០ម៉ែត្រ ពីស្ពានអាកាសចោមចៅ)

* សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់ លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ)៕