រដ្ឋតិចសាស់ប្តឹងក្រុមហ៊ុន Meta និង WhatsApp ជុំវិញការអះអាងពីភាពឯកជននៃប្រព័ន្ធ Encryption

22-05-2026 09:13

(បរទេស)៖ ការិយាល័យអគ្គមេធាវីរដ្ឋតិចសាស់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងកម្មវិធី WhatsApp និងក្រុមហ៊ុន Meta ដោយចោទប្រកាន់ថា បានបំភាន់អ្នកប្រើប្រាស់អំពីកម្រិតនិងវិសាលភាពនៃវិធានការកូដនីយកម្ម ឬហៅផ្លូវការថាប្រព័ន្ធ Encryption របស់ WhatsApp។ យ៉ាងណាមិញ ការចោទប្រកាន់នេះត្រូវបានអ្នកនាំពាក្យក្រុមហ៊ុន Meta បដិសេធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

យោងតាមពាក្យបណ្តឹង បានបង្ហាញថា WhatsApp និង Meta បានធានាចំពោះអ្នកប្រើប្រាស់ដោយភូតកុហកថា សារនៅលើ WhatsApp ត្រូវបានរក្សាការសម្ងាត់ ទោះបីជាក្រុមហ៊ុនមានលទ្ធភាពចូលពិនិត្យមើលការប្រាស្រ័យទាក់ទងឯកជន «ស្ទើរតែទាំងអស់» នៅលើកម្មវិធីផ្ញើសារនេះក៏ដោយ។
អគ្គមេធាវីរដ្ឋតិចសាស់ លោក Ken Paxton បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «WhatsApp បានផ្សព្វផ្សាយសេវាកម្មរបស់ខ្លួនថាមានសុវត្ថិភាព និងមានប្រព័ន្ធ Encryption ប៉ុន្តែវាមិនបានបំពេញតាមការសន្យាទាំងនោះទេ»។

លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta បានបង្ហោះលើបណ្តាញសង្គមថា ការចោទប្រកាន់នៅក្នុងពាក្យបណ្តឹងនេះគឺមិនពិតនោះទេ ហើយ WhatsApp មិនអាចចូលមើលការប្រាស្រ័យទាក់ទងដែលត្រូវបានធ្វើការពារដោយប្រព័ន្ធ Encryption របស់ប្រជាជនបានឡើយ។ ពាក្យបណ្តឹងនេះ គឺមានគោលបំណងស្វែងរកដីកាបង្គាប់ពីតុលាការ ដើម្បីហាមឃាត់ក្រុមហ៊ុន Meta និង WhatsApp មិនឱ្យចូលមើលសារ WhatsApp របស់ប្រជាជនក្នុងរដ្ឋតិចសាស់ ដោយគ្មានការយល់ព្រម ក៏ដូចជាទាមទារឱ្យមានការផាកពិន័យជាប្រាក់ផងដែរ។

គួរជម្រាបថា បណ្តឹងនេះត្រូវបានដាក់ ដោយផ្អែកលើច្បាប់ស្តីពីការអនុវត្តពាណិជ្ជកម្មបោកប្រាស់របស់រដ្ឋតិចសាស់ ដែលជាច្បាប់ការពារអ្នកប្រើប្រាស់ចម្បងរបស់រដ្ឋ។ កាលពីថ្ងៃទី១១ ខែឧសភា អគ្គមេធាវីរដ្ឋតិចសាស់លោក Paxton ក៏បានដាក់ពាក្យបណ្តឹងមួយផ្សេងទៀត ដោយចោទប្រកាន់ក្រុមហ៊ុន Netflix ថា បានលួចតាមដានកុមារ និងអ្នកប្រើប្រាស់ដទៃទៀត តាមរយៈការប្រមូលទិន្នន័យរបស់ពួកគេដោយគ្មានការយល់ព្រម និងបានរចនាប្រព័ន្ធរបស់ខ្លួនដើម្បីឱ្យអ្នកប្រើប្រាស់ជក់ចិត្តដកខ្លួនមិនរួច (Addictive)។ ក្រុមហ៊ុន Netflix បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ពាក្យបណ្តឹងនេះគឺផ្អែកលើព័ត៌មានដែលមិនត្រឹមត្រូវ និងខុសពីការពិត៕