អ្នកជិះឡាន EV កាន់តែខ្លាំង! ចិនបង្ហាញអាគុយជំនាន់ថ្មី ដង់ស៊ីតេថាមពលខ្ពស់ជាងអាគុយ LFP ទ្វេដង ឈរលើកម្រិតសុវត្ថិភាពខ្ពស់បំផុត ផ្តោតសំខាន់លើការសាកថ្ម

22-05-2026 09:41

(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (Chinese Academy of Sciences) បានប្រកាសពីការរកឃើញដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនីជំនាន់ថ្មី ដោយបានបង្កើតអាគុយប្រភេទ Solid-State (Lithium-metal) ដែលនឹងមានដង់ស៊ីតេថាមពលខ្ពស់ខ្លាំង និងមានសមត្ថភាពសាកថ្មក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ៣នាទីប៉ុណ្ណោះ ជាមួយដង់ស៊ីតេថាមពលរហូតដល់ 451.5 Wh/kg ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CarNewsChina នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា របកគំហើញថ្មីនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីគីមីវិទ្យាសាស្ត្រដ៏ល្បីល្បាញ Journal of the American Chemical Society ដោយផ្តោតលើចំណុចសំខាន់ៗ ល្បឿនសាកថ្មលឿនបំផុត (ត្រឹម ៣នាទី) ដង់ស៊ីតេថាមពលខ្ពស់ខ្លាំង ទ្រងទ្រុងអាយុកាលប្រើប្រាស់បានយូរ និងមានស្ថិរភាពសុវត្ថិភាពខ្ពស់ជាងគេ។

ទាក់ទងនិងការសាកល្បឿនលឿនបំផុត (ត្រឹម ៣នាទី) អាគុយប្រភេទថ្មីនេះ អាចទ្រទ្រង់ការសាកថ្មក្នុងល្បឿនលឿនបំផុត (Ultra-fast charging រហូតដល់កម្រិត 20C) ដែលស្មើនឹងការសាកថ្ម និងការបញ្ចេញថាមពល (Charge/Discharge) ពេញក្នុងពេលត្រឹមតែប្រមាណ ៣នាទីប៉ុណ្ណោះ។

ជាមួយគ្នានោះ ដង់ស៊ីតេថាមពលខ្ពស់ខ្លាំង (High Energy Density) ដោយអាគុយប្រភេទ Pouch Cell ថ្មីនេះ សម្រេចបានដង់ស៊ីតេថាមពលរហូតដល់ 451.5 Wh/kg ដែលចំនួននេះគឺខ្ពស់ជាងឆ្ងាយ បើធៀបនឹងអាគុយប្រភេទ Lithium Iron Phosphate (LFP) ដែលកំពុងប្រើប្រាស់លើរថយន្តអគ្គិសនីពាណិជ្ជកម្មបច្ចុប្បន្ន (មានកម្រិតត្រឹមប្រហែល 200 Wh/kg)។

អាគុយថ្មីនេះក៏មានអាយុកាលប្រើប្រាស់បានយូរ និងមានស្ថិរភាព ដោយតាមរយៈការធ្វើតេស្ត អាគុយនេះអាចរក្សាបាននូវសមត្ថភាពផ្ទុកថាមពលរហូតដល់ 81.9% ក្រោយការសាកនិងប្រើប្រាស់រហូតដល់ 700 ដង (Cycles) ក្រោមលក្ខខណ្ឌសាកថ្មល្បឿនលឿនបំផុត។

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា អាគុយនេះបានឆ្លងកាត់ការធ្វើតេស្តដោយការដំដែកគោលទម្លុះ (Nail-penetration test) ដោយជោគជ័យ ដែលបង្ហាញពីកម្រិតសុវត្ថិភាពខ្ពស់ និងមិនងាយបង្កជាគ្រោះថ្នាក់ ដូចជាការឆេះបំពុះដូចអាគុយធម្មតានោះឡើយ។

សូមជម្រាបផងថា បច្ចុប្បន្ន ឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន កំពុងឈានចូលដំណាក់កាលប្រកួតប្រជែងយ៉ាងខ្លាំងក្លាលើទីផ្សារ ក្នុងការដំឡើងកម្រិតដង់ស៊ីតេថាមពលឱ្យដល់ 500Wh/kg ខណៈដែលក្រុមហ៊ុនផ្គត់ផ្គង់ធំៗជាច្រើន គ្រោងនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់អាគុយប្រភេទ Solid-State នេះជាលក្ខណៈពាណិជ្ជកម្មជាបន្តបន្ទាប់នៅចន្លោះឆ្នាំ២០២៦ ដល់ ២០២៧ ខាងមុខនេះ៕