តោកំណាចអង់គ្លេស ប្រកាសបញ្ជីឈ្មោះកីឡាករទៅ World Cup 2026 ខណៈតារាឆ្នើម ៣រូបអវត្តមាន
22-05-2026 09:46
(ឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស អតីតម្ចាស់ជើងឯក World Cup តែ ១លើកកាលឆ្នាំ១៩៦៦ បានប្រកាសបញ្ជីឈ្មោះកីឡាករសរុបទាំង ២៦នាក់ចុងក្រោយរបស់ពួកគេ ដើម្បីទៅលេង World Cup 2026 នាខែក្រោយនេះ ដោយពុំមានវត្តមានតារាឆ្នើម ៣នាក់ផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ្នកចាត់ការទូទៅ Thomas Tuchel ដែលបានចូលដឹកនាំអង់គ្លេសតាំងពីខែមករា ឆ្នាំ២០២៥ តពីលោក Gareth Southgate ពុំបានកោះហៅខ្សែបម្រើ Phil Foden របស់ក្លិប Manchester City ឡើយ ដែលទើបបង្ហាញខ្លួននៅ World Cup បាន ១លើក នៅពេល Cole Palmer របស់តោខៀវ Chelsea ក៏ពុំត្រូវបានគ្រូបង្វឹកអាល្លឺម៉ង់ចុចឈ្មោះដូចគ្នា។
លើសពីនេះទៀត ខ្សែការពារក្លិប Manchester United គឺ Harry Maguire ក៏មិនត្រូវបានកោះហៅផងដែរ ដ្បិតកីឡាករវ័យ ៣៣ឆ្នាំរូបនេះមានការខកចិត្តជាខ្លាំង និងបានលើកឡើងថា «វាជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលបំផុត»។
អង់គ្លេស ដែលបានឆ្លងចូលវគ្គ ៤ក្រុមចុងក្រោយកាល World Cup 2018 នៅប្រទេសរុស្ស៊ី និងក្នុងនាមជាជើងឯករងនៃ Euro ២សម័យកាលចុងក្រោយនេះ ត្រូវលេងកំដៅសាច់ដុំ ២លើកទល់នឹងណូវែលហ្សេឡង់ និងកូស្តារីកា មុនពេលចាប់ផ្តើម World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា ដោយស្ថិតក្នុងពូល L ជាមួយក្រូអាត ហ្គាណា និងប៉ាណាម៉ា។
ខាងក្រោមនេះ ជាជម្រើស ២៦នាក់ចុងក្រោយរបស់អង់គ្លេស ដើម្បីលេង World Cup ជំនាន់ទី២៣ នាខែក្រោយ៖
១-ចាំទី៖ Jordan Pickford, Dean Henderson និង James Trafford។
២-ការពារ៖ Reece James, Tino Livramento, Marc Guehi, Ezri Konsa, John Stones, Jarell Quansah, Nico O’Reilly និង Dan Burn។
៣-បម្រើ៖ Declan Rice, Elliot Anderson, Jude Bellingham, Jordan Henderson, Morgan Rogers និង Kobbie Mainoo។
៤-ប្រយុទ្ធ៖ Harry Kane, Ivan Toney, Ollie Watkins, Bukayo Saka, Noni Madueke, Marcus Rashford, Anthony Gordon និង Eberelchi Eze៕



