មកដឹងពីរបៀប ដែល Elon Musk នឹងពង្រីកអំណាចរបស់ខ្លួន តាមរយៈការដាក់លក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ SpaceX
22-05-2026 10:23
(បរទេស)៖ លោក Elon Musk មានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើក្រុមហ៊ុននានាដែលលោកកំពុងដឹកនាំ។ ខណៈដែលលោកបានប្រសិទ្ធនាមខ្លួនឯងថាជា «TechnoKing» ឬ (ស្តេចបច្ចេកវិទ្យា) នៅក្រុមហ៊ុន Tesla រួចទៅហើយនោះ លោកគឺជាអ្នកគ្រប់គ្រងដ៏ពិតប្រាកដម្នាក់នៅក្រុមហ៊ុន SpaceX ដោយក្តោបក្តាប់អំណាចបញ្ជាយ៉ាងធំធេងមិនធ្លាប់មាន ទៅលើក្រុមហ៊ុនដែលមានតម្លៃបំផុតមួយក្នុងពិភពលោក។ ការក្តោបក្តាប់អំណាចបែបផ្តាច់ការរបស់ Elon Musk លើក្រុមហ៊ុន SpaceX ត្រូវបានលាតត្រដាងយ៉ាងច្បាស់ នៅក្នុងឯកសារចុះបញ្ជី IPO របស់ក្រុមហ៊ុន ដែលត្រូវបានប្រកាសជាសាធារណៈនៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្រោយការធ្វើ IPO លោក Elon Musk នឹងដើរតួជាអគ្គនាយក (CEO) ប្រធានផ្នែកបច្ចេកវិទ្យា (CTO) និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ SpaceX។ អំណាចបោះឆ្នោតបច្ចុប្បន្នរបស់លោកចំនួន ៨៥% នឹងធ្លាក់ចុះបន្ទាប់ពីការធ្វើ IPO ប៉ុន្តែវានៅតែមានកម្រិតខ្ពស់ជាង ៥០% ដែលផ្តល់លទ្ធភាពឱ្យលោកអាចតែងតាំងនាយកក្រុមហ៊ុនផ្សេងៗតាមតែចិត្តចង់។ និយាយជារួម លោកមិនអាចត្រូវគេបណ្តេញចេញពីតំណែងបានឡើយ។ ខាងក្រោមនេះជាចំណុចទាក់ទាញ និងសំខាន់ៗបំផុតពីការធ្វើ IPO មួយនេះ៖
អំណាចបញ្ជាដាច់ខាត (មិនអាចបណ្តេញចេញបាន)៖ ក្រោយការធ្វើ IPO លោក Elon Musk នឹងកាន់តំណែងកំពូលទាំងបីគឺ CEO, CTO និងប្រធានក្រុមប្រឹក្សាភិបាល។ លោកនឹងបន្តក្តោបក្តាប់សិទ្ធិបោះឆ្នោតលើសពី ៥០% ដែលធ្វើឱ្យលោកមានអំណាចពេញទីក្នុងការតែងតាំងនាយកក្រុមហ៊ុន និងសម្រេចកិច្ចការធំៗ (ដូចជាការទិញ ឬរួមបញ្ចូលគ្នារវាង SpaceX និង Tesla) ដោយមិនបាច់សុំការយល់ព្រមពីភាគហ៊និកឡើយ។
ខែលការពារផ្លូវច្បាប់៖ តាមរយៈការប្តូរទីស្នាក់ការទៅរដ្ឋតិចសាស់ SpaceX បានបង្កើតលក្ខខណ្ឌច្បាប់ដ៏តឹងរ៉ឹង ដោយតម្រូវឱ្យម្ចាស់ភាគហ៊ុនត្រូវមានភាគហ៊ុនយ៉ាងហោចណាស់ ៣% (ស្មើនឹងប្រហែល ៥២ ពាន់លានដុល្លារ) ទើបអាចដាក់ពាក្យបណ្តឹងតំណាងប្រឆាំងនឹងក្រុមប្រឹក្សាភិបាលបាន។ នេះមានន័យថា ម្ចាស់ភាគហ៊ុនតូចតាចស្ទើរតែគ្មានឱកាសប្តឹងផ្តល់លោក Musk បានឡើយ។
ការទប់តម្លៃភាគហ៊ុនដោយស្វ័យប្រវត្ត៖ SpaceX បានជះឥទ្ធិពលឱ្យមានការកែប្រែច្បាប់របស់ទីផ្សារ Nasdaq ដើម្បីឱ្យក្រុមហ៊ុនអាចចូលទៅក្នុងសន្ទស្សន៍ Nasdaq 100 ក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍។ ចំណុចនេះនឹងបង្ខំឱ្យស្ថាប័នហិរញ្ញវត្ថុធំៗត្រូវតែទិញភាគហ៊ុន SpaceX ទុក ដែលជាកាតាលីករជួយរុញ និងទប់តម្លៃភាគហ៊ុនឱ្យនៅខ្ពស់ដដែល ទោះបីជាមានម្ចាស់ភាគហ៊ុនមិនពេញចិត្តលក់ចេញក៏ដោយ។
ក្លាយជាសេដ្ឋីទ្រីលានដុល្លារដំបូង និងគម្រោងបង្កើតរាជវង្ស៖ ការធ្វើ IPO នេះអាចនឹងរុញលោក Elon Musk ឱ្យក្លាយជាសេដ្ឋីទ្រីលានដុល្លារ (Trillionaire) ដំបូងគេលើលោក។ លោកទទួលបានកញ្ចប់ភាគហ៊ុនពិសេសប្រភេទ B ចំនួន ១ពាន់លានភាគហ៊ុន ដែលលោកអាចប្រើបោះឆ្នោត ឬយកទៅបញ្ចាំយកសាច់ប្រាក់បានភ្លាមៗ ទោះបីជាលក្ខខណ្ឌទទួលបានសិទ្ធិពេញលេញ តម្រូវឱ្យលោកបង្កើត «ទីក្រុងមានមនុស្សរស់នៅ ១លាននាក់លើភភពអង្គារ» ក៏ដោយ។ កាន់តែពិសេស លោកអាចផ្ទេរភាគហ៊ុនទាំងនេះទៅក្នុងមូលនិធិ (Trusts) ដើម្បីរក្សាសិទ្ធិបោះឆ្នោតពិសេស ដេីម្បីបង្កើតការគ្រប់គ្រងបែបវង្សត្រកូលទៅថ្ងៃអនាគតសម្រាប់កូនៗរបស់លោក។
ជារួមមកវិញ IPO របស់ SpaceX មិនមែនគ្រាន់តែជាការកៀរគរទុនធម្មតានោះទេ ប៉ុន្តែវាគឺជាការរៀបចំយុទ្ធសាស្ត្រផ្លូវច្បាប់ និងហិរញ្ញវត្ថុ ដើម្បីធានាថា លោក Elon Musk នឹងនៅតែជា «ស្តេចដាច់ខាត» របស់ SpaceX ដោយគ្មានម្ចាស់ភាគហ៊ុន ឬប្រព័ន្ធតុលាការណាអាចរង្គោះរង្គើលោកបានឡើយ៕









