Ronaldo សម្ពោធពានលីកអារ៉ាប់ មុនដឹកនាំព័រទុយហ្គាល់ទៅលេង World Cup 2026 ខែក្រោយ

22-05-2026 10:46

(បរទេស)៖ ប្រធានក្រុមជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ Cristiano Ronaldo បានឈ្នះជើងឯក Saudi Pro League 2026 របស់អារ៉ាប៊ីសាអូឌីតជាមួយក្រុម Al-Nassr ជាលើកដំបូងនាយប់មិញ មុនពេលទៅលេងពានបាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលចាប់ផ្តើមនាថ្ងៃទី១១ ខែមិថុនា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាពានលីគលើកទី៨ ក្នុងចំណោម ៤ប្រទេសផ្សេងគ្នា សម្រាប់កីឡាករRonaldo ក្រោយធ្លាប់ឈ្នះនៅអង់គ្លេស អេស្ប៉ាញ និងអ៉ីតាលី ដ្បិតលេងនៅ Sporting Lisbon ក្នុងលីគព័រទុយហ្គាល់ ពុំដែលឈ្នះឡើយ។

Al-Nassr បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំ Ronaldo កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីលោកចប់ កិច្ចសន្យាជាមួយក្លិបអង់គ្លេស បិសាចក្រហម Manchester United រួចមក ដែលញាំងឱ្យពិភពបាល់ទាត់ក្រឡាប់ចាក់ នៅពេលកីឡាករឆ្នើមរូបនេះ សម្រេចចិត្តផ្លាស់មកលេងនៅលីគអាស៊ីបែបនេះ។

Ronaldo ទើបបានឈ្នះពាន Saudi Pro League លើកដំបូង ក្រោយលេងឱ្យ Al-Nassr បាន ៣ឆ្នាំកន្លះមកនេះ ដោយស៊ុតបាន ១២៩គ្រាប់គ្រប់កម្មវិធីទាំងអស់។ រូបគេក៏រកបាន ២គ្រាប់ផងដែរក្នុងចំណោមជ័យជម្នះ ៤-១ ទៅលើគូប្រជែង Damac នាំឱ្យ Al-Nassr រកបាន ៨៦ពិន្ទុឈរទីកំពូលតារាងពីលើក្រុមលេខ២ Al-Hilal ដែលមាន ៨៤ពិន្ទុនៅថ្ងៃបិទរដូវកាល៕