កីឡាករចាំទី Neuer វ័យ ៤០ឆ្នាំ ធ្លាប់ជួយអាល្លឺម៉ង់ឈ្នះ World Cup 2014 ត្រូវបានកោះហៅចូលជម្រើសជាតិ
22-05-2026 11:23
(ម៉ូនិច)៖ គ្រូបង្វឹក Julian Nagelsmann បានចុចឈ្មោះកីឡាករចាំទីចាស់វស្សា Manuel Neuer ក្នុងជម្រើសទី១ នៃក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឺម៉ង់នៅ World Cup 2026 នាខែក្រោយនេះ ក្នុងនាមអ្នកចាំទីធ្លាប់ជួយអាល្លឺម៉ង់ ដណ្តើមបានជើងឯកកាលឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នៅចាំបានថា Neuer វ័យ ៤០ឆ្នាំដែលបច្ចុប្បន្នលេងឱ្យក្លិប Bayern Munich ផងនោះ បានរួមចំណែកជួយអាល្លឹម៉ង់ ឈ្នះជើងឯក World Cup 2014 និងគម្រប់លើកទី៤ របស់ពួកគេនៅទឹកដីតំបន់អាមេរិកឡាទីន តាមរយៈយកឈ្នះអាហ្សង់ទីន ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដង។
Neuer ដែលទើបរួមចំណែកជួយក្លិបអាជីព Bayern ឈ្នះជើងឯកលីគ Bundesliga រដូវកាលនេះ និងឈានដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League បានចូលលេង ១២៤ប្រកួតជាមួយអាល្លឺម៉ង់ និងសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិតែម្តង ក្រោយចាញ់វគ្គ ៨ក្រុមនៅ Euro 2024 ក្រោមស្នាដៃរបស់ម្ចាស់ជើងឯក គោជល់អេស្ប៉ាញ។
នេះមានន័យថា Neuer បានស្ថិតក្នុងបញ្ជីកីឡាករ ៥នាក់ដែលមានអាយុចាប់ពី ៤០ឆ្នាំបង្ហាញខ្លួនក្នុង World Cup 2026 នៅសហរដ្ឋអមេរិក មិចស៊ិក និងកាណាដា ក្នុងចំណោមកីឡាករ Cristiano Ronaldo វ័យ ៤១ឆ្នាំរបស់ព័រទុយហ្គាល់ Luka Modric វ័យ ៤០ឆ្នាំរបស់ក្រូអាត Craig Gordon វ័យ ៤៣ឆ្នាំរបស់ស្កុតឡេន និង Edin Dzeko វ័យ ៤០ឆ្នាំរបស់បូស្នី។
ខាងក្រោមនេះ ជាជម្រើស ២៦នាក់ចុងក្រោយរបស់អាល្លឺម៉ង់នៅ World Cup 2026 ជំនាន់ទី២៣៖
១-ចាំទី៖ Manuel Neuer, Oliver Baumann និង Alexander Nubel។
២-ការពារ៖ Waldermar Anton, Nathaniel Brown, Joshua Kimmich, David Raum, Antonio Rudiger, Nico Schlotterbeck, Janathan Tah និង Malick Thiaw។
៣-បម្រើ៖ Nadiem Amiri, Leon Goretzka, Pascal Gross, Jamie Leweling, Jamal Musiala, Felix Nmecha, Aleksandar Pavlovic, Angelo Stiller និង Florian Wirtz។
៤-ប្រយុទ្ធ៖ Maximilian Beier, Kai Havertz, Lennart Karl, Leroy Sane, Deniz Undav និង Nick Woltemade៕



