កីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងកម្ពុជា ៥រូប ចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅម៉ាឡេស៊ី
22-05-2026 14:18
(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធ សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេង ៥នាក់ លើវិញ្ញាសាហែលទឹកពាក់ជើងទា ចូលរួមការប្រកួតកម្រិតកុមារ និងយុវជនអន្ដរជាតិ The 2nd International Bunga Raya Children & Junior Finswimming Competition 2026 នៅរដ្ឋ Perak ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធ កីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាវ័យក្មេងកម្ពុជា ដែលបានបញ្ជូនចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ រួមមានកីឡាករ លឹម សុខវារៈស័ក្កិ, លឹម នរវិទូ, ម៉េង សុភក្ត្រា, កីឡាការិនី ហួន ទិត្យដាលីន និងកីឡាការិនី លឹម សុខគន្ធពណ៌ ដែលដឹកនាំដោយគ្រូបង្វឹកលោក ហែម ថុនពន្លឺ។
នេះជាព្រឹត្តិការណ៍អន្ដរជាតិថ្មីមួយទៀត សម្រាប់ធនធានបន្ដវេនកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានចូលរួមប្រកួត បង្ហាញ និងដុសខាត់សមត្ថភាព ដ្បិតក្រោយចាប់ផ្ដើមរយៈពេលខ្លី កីឡាហែលទឹកពាក់ជើងទានៅកម្ពុជា មានការអភិវឌ្ឍ រីកចម្រើន និងទទួលបានសមិទ្ធផលជាច្រើនពីការប្រកួតអន្ដរជាតិនានា។ ចំពោះប្រទេសចូលរួមការប្រកួតនេះ ក្រៅពីកម្ពុជា និងម្ចាស់ផ្ទះម៉ាឡេស៊ី ក៏មានឥណ្ឌូនេស៊ី សិង្ហបុរី និងឥណ្ឌា ផងដែរ៕






