គ្រូថ្មី U19 កម្ពុជា៖ កីឡាករត្រូវមានឯករាជ្យ និងវិន័យខ្ពស់ ត្រៀមលេងពាន 𝗔𝗦𝗘𝗔𝗡 𝗨𝟭𝟵 𝗕𝗼𝘆𝘀’ ដើមខែក្រោយ
22-05-2026 16:57
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ(U19)កម្ពុជា បាននឹងកំពុងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ដំណាក់កាលតេស្ដសមត្ថភាពលើកទី២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីជនជាតិជប៉ុន លោក Yoshida Yasuhiro ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ានយុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys’ Championship) ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០១-១៣ ខែមិថុនាខាងមុខ។
ក្នុងដំណាក់កាលធ្វើតេស្ដនេះដែរ លោក Yoshida Yasuhiro បានបង្ហាញពីការចង់បានមួយចំនួនសម្រាប់កីឡាករ ដែលត្រូវជ្រើសរើសចូលបញ្ជី ២៣នាក់ចុងក្រោយ គឺផ្ដោតលើកម្លាំង ហើយត្រូវតែជាកីឡាករមានឯករាជ្យ និងមានវិន័យខ្ពស់ ដើម្បីក្លាយជាកីឡាករ និងលេងតំណាងជាតិ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនាពេលខាងមុខ។
អតីតកីឡាករអាជីព ដែលធ្លាប់បង្ហាញខ្លួនជាង ៣០០ប្រកួតក្នុងលីគកំពូលជប៉ុនខាងលើ បានបញ្ជាក់ថា «ជាដំបូង យើងផ្ដោតសំខាន់លើកម្លាំងរបស់កីឡាករ ដើម្បីត្រៀមលេងក្នុងពានរង្វាន់នាពេលខាងមុខ គឺព្យាយាមធ្វើម៉េចជ្រើសរើសកីឡាករល្អ ដែលមានកម្លាំងពេញលេញ ។ បើកីឡាករម្នាក់ មានឯករាជ្យខ្ពស់ គឺពួកគាត់សុទ្ធសឹងជាកីឡាករល្អហើយ ។ អ៊ីចឹងខ្ញុំចង់ឲ្យកីឡាករទាំងអស់ មានវិន័យរៀងៗខ្លួន និងអនុវត្តត្រឹមត្រូវ ដើម្បីក្លាយជាកីឡាករល្អ»។
គួរដឹងថា បច្ចុប្បន្នកីឡាករយុវជន ៣៥នាក់ កំពុងប្រមូលផ្ដុំធ្វើតេស្ដដំណាក់កាលទី២ ដើម្បីត្រៀមលេងជើងឯកយុវជន U19 អាស៊ាន នាពេលខាងមុខ ដែលក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូលC ជាមួយអូស្ដ្រាលី និងហ្វីលីពីន ហើយការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិ U19 កម្ពុជា នឹងត្រូវជួប U19 ហ្វីលីពីន មុនគេ នាថ្ងៃទី៦-មិថុនា មុនជំនួបបញ្ចប់ពូលទល់ក្រុមខ្លាំង U19 អូស្ដ្រាលី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ៕









