យល់ដឹងកីឡា៖ FIFA នឹងស្កុបរៀងរាល់ ២២នាទីម្តង គ្រប់ការប្រកួតនៅ World Cup 2026 ដើម្បី cooling breaks

23-05-2026 09:56

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានដាក់ចេញនូវគោលការណ៍សម្រាក ៣នាទី គ្រប់ការប្រកួតទាំង ១០៤តែម្តងនៅ World Cup 2026 រាល់ពេលលេងបាន ២២នាទី មិនចំពោះតែការប្រកួតនោះស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងនោះទេ ពោលគឺដើម្បីធ្វើ cooling breaks។

បើយោងតាមការចេញផ្សាយដោយ The guardian បានឱ្យដឹងថា អាជ្ញាកណ្តាលនឹងផ្លុំកញ្ចែផ្អាករៀងរាល់លេងបាន ២២នាទី នៅពាក់កណ្តាលវគ្គទី១ និងទី២ ដើម្បីទុកឱកាសឱ្យកីឡាករពិសាទឹក ទទួលយុទ្ធសាស្រ្តបន្ថែមពីគ្រូបង្វឹក និងការបាញ់ទឹកក្នុងទីលាន បើទោះបីប្រទេសម្ចាស់ផ្ទះ សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាមានបំពាក់ដំបូល និងម៉ាស៊ីនត្រជាក់ក្នុងកីឡដ្ឋានក៏ដោយ។

គោលការណ៍ cooling breaks នេះត្រូវបានដាក់ចេញ បន្ទាប់ពីរលកកំដៅបានគំរាមកំហែងដល់កីឡាករ នៅក្នុងការខ្លះ កាលពីព្រឹត្តិការណ៍ Club World Cup 2025 ដែលបានរៀបចំនៅសហរដ្ឋអាមេរិកផងដែរ។

នៅក្នុងការប្រកួតនោះដែរ FIFA ក៏បានដាក់ចេញ cooling breaks តាមរយៈសម្រាកពិសាទឹក និងយកកូនកន្សែងជូតមុខ ដើម្បីកាត់បន្ថយកំដៅថែមទៀតផង នៅពេលរលកកំដៅនេះបានគំរាមកំហែង World Cup តាំងពីឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលមកម្ល៉េះ។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយទីភ្នាក់ងារ Football for the Future, Common Goal and Jupiter Intelligence បានរកឃើញថា មានកីឡដ្ឋានចំនួន១០ ក្នុងចំណោម ១៦កីឡដ្ឋានសរុបសម្រាប់ World Cup លើកទី២៣ នាខែក្រោយនេះ មានទាំងនៅអាមេរិក មិចស៊ិក និងកាណាដា ស្ថិតក្នុងស្ថានភាពមានកំដៅខ្លាំង៕