រដ្ឋ North Carolina ប្រកាសប្ដឹងក្រុមហ៊ុនវៀតណាម Vinfast ក្រោយទុកចោលគម្រោងរោងចក្រ EV រាប់ពាន់លានដុល្លារ

23-05-2026 11:54

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដ៏ល្បីរបស់វៀតណាម Vinfast កំពុងតែប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ធំមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋអាជ្ញាជាន់ខ្ពស់ លោក Jeff Jackson បានប្រកាសថា រដ្ឋ North Carolina បានដាក់ពាក្យបណ្ដឹងជាផ្លូវការប្រឆាំងនឹងក្រុមហ៊ុននេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

មូលហេតុនៃការប្ដឹងផ្តល់នេះ គឺដោយសារតែ Vinfast បានខកខានមិនបានបំពេញតាមការសន្យារបស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងអាគុយនៅក្នុងរដ្ឋមួយនេះ ស្របតាមកិច្ចព្រមព្រៀងកន្លងមក ដែលទាមទារឱ្យក្រុមហ៊ុនបោះទុនវិនិយោគរហូតដល់ទៅជាង ៣ ពាន់លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៧,៥០០ កន្លែង។

របាយការណ៍បានបង្ហាញថា Vinfast បានបោះបង់ចោលការដ្ឋានសាងសង់ និងមិនមានធ្វើសកម្មភាពអ្វីទាល់តែសោះនៅលើទីតាំងនោះ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋអាជ្ញារដ្ឋបានគូសបញ្ជាក់យ៉ាងធ្ងន់ៗថា៖ «Vinfast បានខកខានមិនបានបំពេញកាតព្វកិច្ចស្របតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរដ្ឋ ហើយការបន្តអសកម្មភាពរបស់ Vinfast នេះ គឺស្ទើរតែជាការធានាថាការខកខានកាតព្វកិច្ចបន្ថែមទៀតនឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះ»

គួរជម្រាបថា គិតមកទល់ពេលនេះ ភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters បានព្យាយាមសុំការបំភ្លឺជុំវិញរឿងរ៉ាវប្ដឹងផ្ដល់ខាងលើ ប៉ុន្តែ៖ «Vinfast មិនទាន់បានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយទេ»