Google មិនសុខចិត្ត ប្តឹងឧទ្ធរណ៍ប្រឆាំងការចោទប្រកាន់រឿង «ផ្តាច់មុខទីផ្សារស្វែងរក»
23-05-2026 15:16
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានដាក់ពាក្យប្តឹងឧទ្ធរណ៍ជាផ្លូវការហើយ ប្រឆាំងនឹងសេចក្តីសម្រេចរបស់ចៅក្រមសហព័ន្ធអាមេរិក លោក Amit Mehta ដែលបានកាត់ក្តីកាលពីឆ្នាំ២០២៤ ថា Google បានដើរតួជាអ្នកផ្តាច់មុខខុសច្បាប់លើប្រព័ន្ធស្វែងរកទិន្នន័យ (Search) និងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
ការប្តឹងតវ៉ានេះ ធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថា Google បានចំណាយប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំទៅឱ្យក្រុមហ៊ុនធំៗដូចជា Apple ដើម្បីដំឡើងប្រព័ន្ធរបស់ខ្លួនជាប្រព័ន្ធស្វែងរកលំនាំដើម (Default) លើទូរស័ព្ទ និងឧបករណ៍ថ្មីៗ ដែលជាការបិទផ្លូវដៃគូប្រកួតប្រជែង។
ជុំវិញបញ្ហានេះ ភាគី Google បានធ្វើការវែកញែកថា ចៅក្រម Mehta បានប្រព្រឹត្តកំហុសផ្នែកច្បាប់ ព្រោះកិច្ចព្រមព្រៀងទាំងនោះមិនបានហាមឃាត់ក្រុមហ៊ុនផលិតទូរស័ព្ទ ឬកម្មវិធីរុករក (Browser) មិនឱ្យផ្សព្វផ្សាយកម្មវិធីស្វែងរករបស់គូប្រជែង ដូចជា Bing របស់ Microsoft នោះឡើយ។ Google បានការពារខ្លួនថាខ្លួនបានលេចធ្លោនៅក្នុងទីផ្សារដោយយុត្តិធម៌ តាមរយៈការបង្កើត «ម៉ាស៊ីនស្វែងរកដ៏មានឧត្តមភាព ផ្អែកលើការខិតខំប្រឹងប្រែង ការច្នៃប្រឌិតដ៏ក្លាហាន និងការសម្រេចចិត្តអាជីវកម្មដ៏ឈ្លាសវៃ»។
រឿងក្តីនេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះកន្លងមកចៅក្រមបានបង្គាប់ឱ្យ Google ចែករំលែកទិន្នន័យស្វែងរកមួយចំនួនទៅឱ្យគូប្រជែង រួមទាំងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ល្បីៗដូចជា OpenAI ផងដែរ ដើម្បីស្តារការប្រកួតប្រជែងឡើងវិញ។ ប្រសិនបើ Google ឈ្នះក្តីក្នុងការប្តឹងឧទ្ធរណ៍នេះ បញ្ជាឱ្យចែករំលែកទិន្នន័យនឹងត្រូវលុបចោល ប៉ុន្តែបើទោះជាត្រូវចាញ់ក្តីនៅតុលាការឧទ្ធរណ៍ក៏ដោយ ក៏ Google នៅតែមានឱកាសចុងក្រោយក្នុងការបន្តប្តឹងតវ៉ាទៅកាន់តុលាការកំពូលរបស់សហរដ្ឋអាមេរិកផងដែរ៕








