លោក Scott ថា ផ្លូវមកកាន់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន រវាងវិសាខា និង ព្រះខ័នរាជ ខុសគ្នាស្រឡះ

23-05-2026 17:26

(ភ្នំពេញ)៖ លោក Scott Cooper គ្រូបង្វឹកវិសាខា ថា ផ្លូវមកកាន់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ របស់ក្រុមខ្លួន និងព្រះខ័នរាជស្វាយរៀង ខុសគ្នាស្រឡះ ទោះបីមួយរយៈចុងក្រោយ វិសាខាបានឈ្នះការប្រកួតជាច្រើនក៏ដោយ។

នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនៅថ្ងៃសៅរ៍នេះ ស្របពេលក្រុមខ្លាំងទាំងពីរ នឹងត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ នាវេលាម៉ោង ៧យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកថា ជារឿងគួរឲ្យមោទនភាព សម្រាប់ក្រុម ពិសេសកីឡាករ ដែលខំប្រឹងយកឈ្នះការប្រកួតជាច្រើនក្នុងរយៈពេលចុងក្រោយ។ ប៉ុន្ដែបើនិយាយដោយស្មោះ ផ្នែកលើទិដ្ឋន័យជាក់ស្ដែង វិសាខា ឈរលេខ៧ ក្នុងលីគ ហើយការយកឈ្នះជាច្រើន ក្នុងរយៈពេលចុងក្រោយ ដោយសារក្រុមលេងនៅតំបន់ខាងក្រោមទាំង ៥ (Bottom-5) ផ្ទុយព្រះខ័នរាជស្វាយរៀង លេងនៅតំបន់កំពូលតារាងទាំង ៦ (Top-6) ដែលពួកគេជួបសុទ្ធតែក្រុមខ្លាំង។

ម្យ៉ាងវិញទៀត ក្រៅពីជួបក្រុមខ្លាំងៗក្នុងស្រុក ព្រះខ័នរាជស្វាយរៀង ក៏បានលេងទល់ក្រុមខ្លាំងៗក្នុងពានអន្ដរជាតិ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ហើយស្ទើរតែគ្រងជើងឯកថែមទៀត តែដោយខ្វះសំណាងបន្ដិចបន្ដួច ទើបពួកគេខកខានឱកាសមាសនេះ។ លើសពីនេះ មុនឡើងមកវគ្គផ្ដាច់ព្រ័ត្រ ក្រុមលោក Matthew McConkey ក៏បានយកឈ្នះក្រុមបឹងកេត ដែលឈរលេខ៣ ក្នុងលីគ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថែមទៀត។

សរុបមកព្រះខ័នរាជស្វាយរៀង បានជួប និងឈ្នះក្រុមខ្លាំងៗជាច្រើន ខុសពីវិសាខា ដែលឈ្នះត្រឹមក្រុម Bottom-5 ក្នុងលីគ។ មួយវិញទៀត វគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទឹកដីរបស់ព្រះខ័នរាជស្វាយរៀង ប្រើប្រាស់សម្រាប់ការប្រកួត ទាំងពានក្នុងស្រុក និងក្រៅស្រុកថែមទៀត។ ដូច្នេះការប្រកួតនេះ ប្រៀបដូចការប្រកួតក្រៅដី ។ យ៉ាងណាមិញលោក Scott ថា ការនិយាយបែបនេះ មិនមែនលោកខ្លាចព្រះខ័នរាជស្វាយរៀងឡើយ គ្រាន់តែគោរពក្រុមដែលធ្វើបានល្អប៉ុណ្ណោះ។

គ្រូបង្វឹកជនជាតិអង់គ្លេសដដែលបន្ដថា «ពិតណាស់ វិសាខា ឈ្នះមែនមួយរយៈចុងក្រោយ តែយើងឈ្នះក្រុម ដែលមានកម្រិតខុសពីព្រះខ័នរាជស្វាយរៀងឈ្នះ រហូតមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ​ ហើយយើងឈ្នះ ក៏ដោយសារការខិតខំប្រឹងប្រែងរបស់កូនក្រុមទាំងអស់ដែរ។ ខ្ញុំគិតថា ការប្រកួតថ្ងៃស្អែក នឹងតានតឹង ព្រោះយើងនឹងប្រយុទ្ធគ្រប់នាទីនៅថ្ងៃស្អែក ហើយយើងសន្យាថា នឹងបង្ហាញទៅកាន់អ្នកគាំទ្រថា វិសាខា នឹងប្រឹងប្រែងលេងអស់ពីសមត្ថភាពពេញមួយការប្រកួតនៅថ្ងៃស្អែកនេះ»

ដោយឡែកលោក McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង វិញ លើកឡើងថា វិសាខា ក៏ជាក្រុមល្អ និងគ្រោះថ្នាក់ផងដែរ ពិសេសក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Scott គឺជាក្រុមលេងប្រកបដោយវិន័យ ជាក់ស្ដែងលទ្ធផលប៉ុន្មានប្រកួតចុងក្រោយ ដែលពួកគេឈ្នះគ្រប់ការប្រកួតនេះ។ ដូច្នេះលោកជឿជាក់ថា ការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តសម្រាប់ក្រុមទាំងពីរ ហើយកូនក្រុមរបស់ខ្លួន ក៏បានត្រៀមរួចរាល់ សម្រាប់ការប្រកួតដ៏សំខាន់នេះផងដែរ៕