តើព្រះខ័នរាជស្វាយរៀង ឬវិសាខា ក្លាយជាជើងឯកពានសម្ដេចតេជោ ហ៊ុន សែន នារាត្រីនេះ?
24-05-2026 15:02
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងវិសាខា នឹងត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ នាវេលាម៉ោង ៧យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ចាំមើលតើក្រុមណា នឹងក្លាយជាជើងឯកឆ្នាំនេះ?
នេះជាលើកទី១១ ហើយសម្រាប់ព្រះខ័នរាជស្វាយរៀង ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានដ៏ធំលំដាប់ទី២ ក្នុងស្រុកនេះ ដ្បិតពួកគេធ្លាប់គ្រងជើងឯករហូតដល់ ៥លើកច្រើនជាងគេ ក្នុងប្រវត្តិពានសម្ដេចតេជោ ហ៊ុន សែន ប្រមាណ ២ទសវត្សរ៍កន្លងមក។ រីឯវិសាខា នេះជាលើកទី៤ ដែលពួកគេបានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីធ្លាប់ឡើងវគ្គផ្ដាច់ព្រ័ត្រ ៣រដូវកាលជាប់គ្នា ហើយគ្រងជើងឯកទាំង ៣លើក កាលពីឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២។
ក្រឡេកមកចាប់អារម្មណ៍ជំនួបដ៏ទាក់ទាញនារាត្រីនេះដែរ នេះជាលើកទី២ ដែលក្រុមទាំងពីរ បានជួបគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីធ្លាប់ជួបគ្នា កាលពីឆ្នាំ២០២១ ដោយវិសាខា បានយកឈ្នះព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២ នៅកីឡដ្ឋានភ្នំពេញក្រោន។ ដូច្នេះចាំមើលតើរដូវកាលនេះ ព្រះខ័នរាជស្វាយរៀង អាចសងសឹកបានវិញដែលឬទេ?
យ៉ាងណាមុនគារប្រកួតមកដល់គេឃើញគ្រូបង្វឹកក្រុមទាំងពីរ ទាំងលោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងលោក Scott Cooper គ្រូបង្វឹកវិសាខា សុទ្ធតែបានបង្ហាញការគោរព និងសរសើរគ្នាទៅវិញទៅមក ជុំវិញដំណើរមុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ហើយលោករំពឹងថា ជំនួបបញ្ចប់រដូវកាលរវាងក្រុមទាំងពីរ នារាត្រីនេះ នឹងក្លាយជាការប្រកួតដ៏តានតឹង និងជក់ចិត្តបំផុតសម្រាប់អ្នកគាំទ្រ ដ្បិតក្រុមទាំងពីរ ត្រៀមប្រយុទ្ធរៀងៗខ្លួន ដើម្បីប្រជែងជើងឯក៕





