យល់ដឹងផ្នែកច្បាប់៖ ការបើកការស៊ើបអង្កេតបឋម

24-05-2026 17:42

(ភ្នំពេញ)៖ នៅពេលមានបទល្មើសព្រហ្មទណ្ឌកើតឡើង មន្ត្រីនគរបាលយុត្តិធម៌អាចបើកការស៊ើបអង្កេតបឋមដោយខ្លួនឯង ឬតាមការបង្គាប់បញ្ជារបស់ថ្នាក់លើ ដែលសង្ស័យថាជាបទល្មើស បើទោះបីបទល្មើសនោះជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ក្តីដើម្បីធ្វើការស្រាវជ្រាវសាកសួរព័ត៌មាន និងប្រមូលភស្តុតាង មុននឹងឈានដល់ការចោទប្រកាន់ និងផ្តន្ទាទោស លើបុគ្គលទាំងនោះ ។

ក្នុងចំណោមដំណាក់កាលនីមួយៗដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា "ការបើកការស៊ើបអង្កេតបឋម" ដើរតួនាទីជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការកំណត់អត្តសញ្ញាណជនល្មើស ចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាង ដែលអនុវត្តដោយមន្ត្រីនគរបាលយុត្តិធម៌ សម្រាប់តុលាការធ្វើការពិចារណាអំពីអត្ថិភាព ឬនត្ថិភាពនៃបទល្មើសព្រហ្មទណ្ឌ ។

តើមន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការបើកការស៊ើបអង្កេតបឋមតាមវិធីបែបណាខ្លះ ? ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកនូវប្រធានបទស្ដីពី “ការបើកការស៊ើបអង្កេតបឋម” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នា ដូចខាងក្រោម៖

យោងតាមមាត្រា១១១ “ការបើកការស៊ើបអង្កេតបឋម” នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ញត្តិថា “កាលណាបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬបទលហុ មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការស៊ើបអង្កេតជាបឋមដោយឯកឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា” ។ មាត្រានេះកំណត់យ៉ាងច្បាស់ថា មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិអំណាចពេញលេញអាចបើកការស៊ើបអង្កេតបឋមនេះបានតាមរយៈ០២ (ពីរ) វិធីគឺ៖

(ទី១) ការស៊ើបអង្កេតដោយឯកឯង ជាការធ្វើឡើងតាមគំនិតផ្ដួចផ្ដើមរបស់ខ្លួន ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ នៅពេលដែលខ្លួនបានទទួលពាក្យបណ្ដឹង ឬទទួលបានព័ត៌មានអំពីបទល្មើសណាមួយ អាចចាប់ផ្តើមស៊ើបអង្កេតភ្លាមៗឱ្យបានទាន់ពេលវេលារួចធ្វើការរាយការណ៍ជូនព្រះរាជអាជ្ញា (តំណាងអយ្យការ) ។

(ទី២) ការស៊ើបអង្កេតតាមការសុំរបស់ព្រះរាជអាជ្ញា ក្នុងករណីខ្លះទោះបីជាមន្ត្រីនគរបាលយុត្តិធម៌មិនទាន់បានដឹង ឬពុំទាន់មានចំណាត់ការក៏ដោយ ព្រះរាជអាជ្ញា (តំណាងអយ្យការ) អាចបង្គាប់បញ្ជា ឬណែនាំឱ្យធ្វើការស៊ើបអង្កេតលើបទល្មើសដែលព្រះរាជអាជ្ញា (តំណាងអយ្យការ) បានទទួលជាព័ត៌មាន ឬបណ្តឹងដាក់ផ្ទាល់នៅអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ។
ឧទាហរណ៍៖ លោក “ក” ជាម្ចាស់ហាងលក់ម៉ូតូ បានបាត់ម៉ូតូចំនួន ៥ គ្រឿងពីក្នុងហាងរបស់គាត់នៅពេលយប់ ។

បន្ទាប់ពីបានដឹង លោក “ក” បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលគាត់ស្នាក់នៅ ។ ក្នុងករណីនេះ មន្ត្រីនគរបាលយុត្តិធម៌ដែលទទួលពាក្យបណ្ដឹង អាចបើកការស៊ើបអង្កេតបឋមភ្លាមៗដោយចុះទៅពិនិត្យទីកន្លែងកើតហេតុ និងប្រមូលភស្តុតាងពាក់ព័ន្ធផ្សេងៗ ដើម្បីស្វែងរកមុខសញ្ញាជនល្មើស (នេះជាការធ្វើតាមគំនិតផ្ដួចផ្ដើមរបស់ខ្លួន ស្របតាមបញ្ញត្តិមាត្រា ១១១) ។ ផ្ទុយទៅវិញ ប្រសិនបើព្រះរាជអាជ្ញាបានទទួលព័ត៌មានអំពីការលួចខាងលើ ហើយមន្រ្តីនគរបាលយុត្តិធម៌ពុំទាន់បានទទួលដំណឹងពីប្រជាពលរដ្ឋ នោះព្រះរាជអាជ្ញាអាចបញ្ជាឱ្យមន្ត្រីនគរបាលយុត្តិធម៌ចុះទៅស្រាវជ្រាវករណីនេះជាបន្ទាន់បាន ។

សរុបមក ការបើកការស៊ើបអង្កេតបឋមតាមបញ្ញត្តិមាត្រា ១១១ គឺជាយន្តការច្បាប់ដែលផ្តល់អំណាចដល់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការអនុវត្តវិធានការច្បាប់បានឆាប់រហ័ស អាចបត់បែនឱ្យទាន់កាលៈទេសៈបទល្មើសដែលកើតឡើងក្នុងសង្គម ជួយរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាថារាល់បទល្មើសដែលកើតឡើងត្រូវបានចាត់ការតាម
នីតិវិធីច្បាប់ ៕

រៀបរៀងដោយ៖ លោកស្រីមេធាវី ទ្រី ស្រីល័ក្ខណ និងលោក គាត ហេងឡុង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕