ថវិការបស់ក្រុមហ៊ុន ឆេមពាន គ្រុប បានពីការប្រគុំតន្ត្រី Nico The Solo Concert បានប្រគល់ជូនវីរកងទ័ពដោយផ្ទាល់ហើយ
24-05-2026 19:34
(ភ្នំពេញ)៖ ក្នុងស្មារតីសាមគ្គីភាព សេចក្តីគោរពស្រលាញ់ និងការដឹងគុណចំពោះវីរកងទ័ព ថវិកាទាំងអស់របស់ក្រុមហ៊ុនឆេមពានគ្រុប ដែលទទួលបានពីការលក់សំបុត្រការប្រគុំតន្ត្រី Nico The Solo Concert ត្រូវបាននាំយកទៅប្រគល់ជូនវីរកងទ័ព តាមរយៈលោក អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦ លោកស្រីអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន Champion Group និងលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងក្រុមការងាររៀបចំកម្មវិធី និងលោក នីកូ បានធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីជួបសំណេះសំណាល និងប្រគល់ថវិកា ព្រមទាំងភេសជ្ជៈ Champion ជូនដល់បងៗវីរកងទ័ពដោយផ្ទាល់។
ថវិកាទាំងនេះ គឺកើតចេញពីការគាំទ្ររបស់អ្នកគាំទ្ររាប់ពាន់នាក់ ដែលបានចូលរួមទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រីទោលរបស់លោក នីកូ ដែលរៀបចំឡើងដោយ Champion Group។ ដូច្នេះថវិកានេះពិតជាមានតម្លៃយ៉ាងធំធេង ព្រោះវាកើតចេញពីសាមគ្គីភាព ក្តីស្រលាញ់ និងការដឹងគុណរបស់ប្រជាជនខ្មែរ ចំពោះវីរ:កងទ័ពដែលបានលះបង់គ្រប់យ៉ាង ដើម្បីការពារជាតិ សន្តិភាព និងប្រជាជន។
Nico The Solo Concert មិនត្រឹមតែជាការបង្ហាញពីភាពជោគជ័យនៃវិស័យសិល្បៈតន្ត្រី និងការគាំទ្រពីសាធារ:ណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឲ្យឃើញពីស្មារតី នៅជាមួយជាតិ និងកងទ័ពគ្រប់កាលៈទេសៈ របស់ប្រជាពលរដ្ឋខ្មែរ។ ទោះបីជាកំពុងរីករាយជាមួយការប្រគុំតន្ត្រីតែបេះដូងរបស់ប្រជាជនខ្មែរ តែងតែនៅជាប់ជានិច្ចជាមួយកងទ័ព ហើយបានប្រែក្លាយការប្រគុំតន្ត្រីនេះ ឲ្យក្លាយជាកម្លាំងសាមគ្គីដ៏មានអត្ថន័យសម្រាប់សង្គម និងប្រទេសជាតិ។
ជាក់ស្តែង អំណោយដែលលោកជំទាវអ្នកឧកញ៉ា សុខ សុភាព ត្រូវផ្តល់ជូនវីរ:កងទ័ពជួរមុខចំនួន ៥ អង្គភាព និងជូនប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ រួមមាន៖ ភេសជ្ជៈ Champion ចំនួន ៧០០ កេស, ថវិកាជូនអង្គភាពទ័ពទាំង ៥ ចំនួន ៤២,៥០០,០០០ រៀល, ថវិកាសាងសង់របងពន្ធនាគារខេត្ត ចំនួន ១៣,៦១០ ដុល្លារអាមេរិក។
ក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុនឆេមពានគ្រុប និងក្នុងនាមខ្លួនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ, អភិបាលរង,ក្រុមតន្ត្រីរបស់ Nico The Solo Concert និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុបទាំងអស់ ដែលបានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយ និងថវិកានេះបានយ៉ាងល្អ។
យើងជឿជាក់ថា ស្មារតីនៃការចែករំលែក សេចក្តីស្រលាញ់ និងសាមគ្គីភាព នឹងបន្តក្លាយជាកម្លាំងដ៏រឹងមាំ សម្រាប់ការពារជាតិ និងការអភិវឌ្ឍប្រទេសជាតិរបស់យើងជានិច្ច៕


















