ក្រុមហ៊ុន DeepSeek របស់ចិន នឹងបញ្ចុះតម្លៃជាអចិន្ត្រៃយ៍ ៧៥% លើម៉ូដែល AI ឈានមុខគេ V4-Pro
25-05-2026 09:24
(បរទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek បានប្រកាសពីការបញ្ចុះតម្លៃជាអចិន្ត្រៃយ៍ចំនួន ៧៥% លើម៉ូដែលបញ្ញាសិប្បនិម្មិតឈានមុខគេរបស់ខ្លួនគឺ V4-Pro ដោយរក្សាតម្លៃនៅត្រឹមមួយភាគបួននៃតម្លៃដើម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ដែលបានធ្វើឡើងនាពេលថ្មីៗនេះ និងត្រូវបានដកស្រង់ផ្សាយបន្តដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
ក្រុមហ៊ុន DeepSeek មិនបានបង្ហើបឱ្យដឹងថា តើការបញ្ចុះតម្លៃជាអចិន្ត្រៃយ៍នេះ ដោយសារតែការកើនឡើងនៃការផ្គត់ផ្គង់បន្ទះឈីប Ascend 950 របស់ក្រុមហ៊ុន Huawei ដែលខ្លួនបានប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ V4 ឱ្យដល់កម្រិតអតិបរមានោះទេ។ សម្រាប់តម្លៃថ្មី ក្រុមហ៊ុនបានកាត់បន្ថយថ្លៃសេវា API របស់ V4-Pro មកនៅត្រឹមចន្លោះពី ០.០២៥ ដល់ ៦ យន់ ក្នុងមួយលានថូខឹន (Tokens) ឬ (ប្រហែល $០.០០៣៥ ដល់ $០.៨៣) អាស្រ័យលើប្រភេទនៃការប្រើប្រាស់ ដោយកាលពីមុនមានតម្លៃចាប់ពី ០.១ ដល់ ២៤ យន់។
«ថូខឹន (Token)» គឺជាឯកតានៃអត្ថបទដែលដំណើរការដោយម៉ូដែល AI។ ការលក់បន្ទះឈីប AI របស់ក្រុមហ៊ុន Huawei បានទទួលផលចំណេញពីវិធានការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក ដែលរារាំងក្រុមហ៊ុន Nvidia មិនឱ្យលក់ឧបករណ៍ពាក់កណ្តាលសម្រេច (Semiconductors) ដ៏ទំនើបបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន ទោះបីជាការរឹតបន្តឹងដាច់ដោយឡែកលើការនាំចេញឧបករណ៍ផលិតបន្ទះឈីប បានកំណត់សមត្ថភាពរបស់ Huawei ក្នុងការបង្កើនផលិតកម្ម Ascend ក៏ដោយ។
នៅពេលដែល DeepSeek បានដាក់ដំណើរការ V4 កាលពីខែមុន ក្រុមហ៊ុនបាននិយាយថា កំណែ Pro នឹងមានតម្លៃថ្លៃជាងរហូតដល់ ១២ដង បើធៀបនឹងកំណែ Flash ដែលមានថាមពលខ្សោយជាង ដោយសារតែ «ការរឹតត្បិតលើសមត្ថភាពគណនាកម្រិតខ្ពស់ (High-end compute capacity)» ដែលធ្វើឱ្យការផ្គត់ផ្គង់មានកម្រិត។
ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា តម្លៃរបស់កំណែ Pro ត្រូវបានរំពឹងថានឹងធ្លាក់ចុះយ៉ាងគំហុក នៅពេលដែលកំពូលណូដ (Supernodes) នៃ Huawei Ascend 950 ត្រូវបានដាក់ដំណើរការក្នុងបរិមាណដ៏ច្រើន នៅឆមាសទីពីរនៃឆ្នាំនេះ៕









