FFC បង្ហាញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពចំនួន ២ នាខែក្រោយ និងបោះជំរុំហ្វឹកហាត់នៅជប៉ុន
25-05-2026 11:31
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២៦នាក់ នៃក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ ទល់នឹងក្រុមជម្រើសជាតិប៊ូតាន និងហុងកុង នាថ្ងៃទី៤ និថ្ងៃទី៩ ខែមិថុនាខាងមុខ មុនចេញទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសជប៉ុន។
កីឡាករ ២៦នាក់ ដែលត្រូវបានលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតនាពេលខាងមុខ រួមមានសមាជិកក្លិប៖
ព្រះខ័នរាជស្វាយរៀង៖ កីឡាករ សារ៉េត គ្រីយ៉ា, សុផល ឌីម៉ង់, មិន រតនៈ, គឹម សុខយុទ្ធ, យូដៃ អូកាវ៉ា, សៀង ចន្ធា, ញាណ សុស៊ីដាន និងអ្នកចាំទី វីរៈ ដារ៉ា។
ភ្នំពេញក្រោន៖ កីឡាករ យ៉ែម ដេវីត, បុង សាយូអ៊េល និងកីឡាករទើបចាកចេញ Andres Nieto។
វិសាខា៖ កីឡាករ អ៊ុក សុវណ្ណ, ស៊ិន កក្កដា, ឡេង ណូរ៉ា, ស រតនា និងអ្នកចាំទី កែវ សុខសិលា។
អង្គរថាយហ្គឺរ៖ កីឡាករ អ៊ឹម វ៉ាឃីម និង Coulibaly Abdel Kader។
បឹងកេត៖ កីឡាករ តាំង ប៊ុនឆៃ និងអ្នកចាំទី កយ សាលីម។
អឹមអូអាយ កំពង់ដេវ៉ា៖ កីឡាករ ម៉ុន រ៉ាដូ និង Alisher Mirzaev។
ណាហ្គាវើលដ៏៖ កីឡាករ ផាត សុខា និង សុះ ស៊ូហាណា។
កងយោធពលខេមរភូមិន្ទ៖ កីឡាករ Mizuno Hikaru
អាយអេសអាយ ដង្កោសែនជ័យ៖ កីឡាករ ហាវ សុខនេត្រ។
សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមគោព្រៃកម្ពុជា នាដើមខែក្រោយ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ទាំង ២ ក្នុងនោះថ្ងៃទី៤ ខែមិថុនា កម្ពុជា ត្រូវជួបប៊ូតាន និងថ្ងៃទី៩ ខែមិថុនា កម្ពុជា នឹងបន្ដជួបក្រុមហុងកុង នាវេលាម៉ោង ៧យប់ដូចគ្នា នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) តែមួយគត់។
បន្ទាប់ពីការប្រកួតមិត្តភាពអន្ដរជាតិទាំងពីរ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់ ១សប្ដាហ៍ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៤-២១ ខែកក្កដាខាងមុខ ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។
ជាមួយយុទ្ធនាការប្រកួតជើងឯកប្រចាំតំបន់នេះដែរ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលលA ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងក្រុមឈ្នះវគ្គជម្រុះបឋម (Play-Off) រវាងក្រុមជម្រើសជាតិប្រ៊ុយណេ និងទីម័រខាងកើត ដែលនឹងត្រូវជួបគ្នានាថ្ងៃទី២ និងថ្ងៃទី៩ ខែមិថុនាខាងមុខ៕












