បទយកការណ៍៖ ក្រុមហ៊ុនកាហ្វេឈានមុខមួយនៅកម្ពុជា បង្ហាញមហិច្ឆិតា បង្កើនការដាំដុះ ប្រមូលទិញពីកសិករ និងផ្គត់ផ្គង់កាហ្វេមណ្ឌលគិរីឱ្យកាន់តែច្រើន (Video inside)
25-05-2026 12:51
(មណ្ឌលគិរី)៖ កាហ្វេខេត្តមណ្ឌលគិរី ទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរដែលនិយមទទួលទានកាហ្វេ ប៉ុន្តែបច្ចុប្បន្ននេះ ការដាំដុះ និងការផ្គត់ផ្គង់នៅមានបរិមាណតិចតួច មិនទាន់អាចឆ្លើយតបតាមតម្រូវការទីផ្សារនៅឡើយ។ ដោយមើលពីតម្រូវការនេះ ក្រុមហ៊ុន ខូហ្វី(KOFI) ដែលជាក្រុមហ៊ុនខ្មែរ ចែកចាយផលិតផលកាហ្វេ នៅក្នុងទីផ្សារប្រទេសកម្ពុជា បានពង្រីកការវិនិយោគបន្ថែមលើការដាំដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី ដោយបច្ចុប្បន្ននេះចម្ការទាំងបួនរបស់ ខូហ្វី ដែលមានផ្ទៃដីសរុបប្រមាណជាង១០០ហិកតា បាននិងកំពុងដាំកាហ្វេ២ប្រភេទ គឺ អារ៉ាប៊ីការ និងរ៉ូបូស្តា រាប់ម៉ឺនដើម ដែលជាពូជកាហ្វេមានរសជាតិឆ្ងាញ់ និងមានគុណភាព។
លើសពីការវិនិយោគ ទៅលើការដាំកាហ្វេនៅលើផ្ទៃដីជាង១០០ហិកតា នៅខេត្តមណ្ឌលគិរី ថែមទាំងដាក់គោលដៅ ពង្រីកការប្រមូលទិញពីកសិករក្នុងខេត្តមណ្ឌលគិរីឱ្យបាន១ពាន់តោននៅក្នុងរដូវប្រមូលផលនៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧ខាងមុខនេះ។ ព្រមទាំងមានគម្រោងពង្រីកការប្រមូលទិញឱ្យកើនឡើងជាបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀត។ ដើម្បីសម្រេចគោលដៅនេះ KOFI បានចូលរួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី រួមនឹងអង្គការដៃគូនានា បណ្តុះបណ្តាលកសិករឱ្យចេះដាំដុះកាហ្វេស្របតាមស្តង់ដារសុវត្ថិភាព និងទទួលបានទិន្នផលខ្ពស់។ KOFI បាននិងកំពុងចាប់ផ្តើមធ្វើការជាមួយកសិករ កែលំអរគុណភាពដី និង ពង្រីកការដាំដុះដំណាំកាហ្វេ ឱ្យស្របតាមតម្រូវការទីផ្សារ និងបង្កើនផលិតភាព ដែលអាចឱ្យកសិករទទួលបាន នូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។
លោកស្រី ឯក ចាន់ណា អ្នកឯកទេសផ្នែកចីរភាពនៃក្រុមហ៊ុនខូហ្វី បានឱ្យដឹងថា ក្រុមហ៊ុនខូហ្វី បានផ្តល់ទាំងការសិក្សាជំនាញបច្ចេកទេស ពូជ រួមនឹងដើមទុនដល់កសិករ ដើម្បីឱ្យពួកគាត់ចាប់ផ្តើមដាំដំណាំកាហ្វេនៅលើដីដែលទំនេរចោល ឬដាំជាមួយនឹងដំណាំផ្សេងៗ ដូចជាស្វាយចន្ទី អាការឌឺមៀ និងប័រជាដើម។
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងពូជ ព្រមទាំងការទទួលធានាទិញពីក្រុមហ៊ុន ខូហ្វី កសិករមួយចំនួន បានចាប់ផ្តើមដាំកាហ្វេនៅលើដីដែលទុកទំនេរចោល និងដាំអមជាមួយនឹងដំណាំផ្សេងៗទៀត ដើម្បីបង្កើនចំណូលបន្ថែម ខណៈកសិករផ្សេងទៀត ដែលធ្លាប់តែបោះបង់ការដាំកាហ្វេចោលដោយសារតែតម្លៃទាប បានចាប់ផ្តើមដាំឡើងវិញ បន្ទាប់ពី ក្រុមហ៊ុន ខូហ្វី បានចុះកិច្ចសន្យាធានាទិញក្នុងតម្លៃល្អ។
លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តមណ្ឌលគិរី បានធ្វើការងារជាមួយក្រុមហ៊ុន ខូហ្វីចាប់តាំងពីឆ្នាំ២០២២ ដោយបានបណ្តុះបណ្តាលបច្ចេកទេសនៃការដាំកាហ្វេដល់កសិករ ចាប់តាំងពីររៀបចំដី ការថែទាំ រហូតដល់ការប្រមូលផល។ ក្នុងរយៈពេល៤ឆ្នាំនៃការសហការគ្នានេះ ក្រងសហគមន៍បានចំនួន៩ក្រុមនៅក្នុងស្រុកចំនួន២ គឺស្រុកពេជ្យជ្រាដារ និងស្រុកអូរាំង និងបានចុះកិច្ចសន្យាធានាទិញកាហ្វេពីកសិករ ជាង៤០០គ្រួសារ។
យោងតាមតួលេខផ្លូវការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បច្ចុប្បន្នផ្ទៃដីដាំដុះកាហ្វេមានចំនួនជាង៥៨០ហិកតា ដោយផ្ដល់ទិន្នផលប្រហែល១,៦០០តោន ក្នុងមួយឆ្នាំ៕












