ចិននាំមុខគេលើប៉ាតង់អាគុយ Solid-State នៅលើពិភពលោក ប៉ុន្តែក៏ស្ថិតក្នុងការព្រមានពីហានិភ័យអាចបាត់បង់ឧត្តមភាពប្រកួតប្រជែង

25-05-2026 13:45

(ភ្នំពេញ)៖ ការវិភាគថ្មីមួយពីឧស្សាហកម្ម និងគោលនយោបាយរបស់ប្រទេសចិន បានបង្ហាញថា ប្រទេសចិនកំពុងប្រឈមមុខនឹងហានិភ័យនៃការដេញតាមទាន់ពីសំណាក់គូប្រជែង នៅក្នុងការប្រណាំងប្រជែងបច្ចេកវិទ្យាអាគុយជំនាន់ថ្មី Solid-State (អាគុយស្ថានភាពរឹង) ទោះបីជាបច្ចុប្បន្នខ្លួនកំពុងក្តោបក្តាប់ចំនួនប៉ាតង់ស្រាវជ្រាវធំជាងគេបំផុតមួយនៅលើពិភពលោកក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CarNewsChina នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។

របាយការណ៍មួយបានបញ្ជាក់ថា អាគុយ All-solid-state គឺជាបច្ចេកវិទ្យាមួយដែលកំពុងឈានចូលដំណាក់កាលគន្លឹះនៃការធ្វើឧស្សាហកម្ម។ តែទោះជាយ៉ាងណា ក្រុមវិភាគផ្នែកឧស្សាហកម្មចិន បានចេញមុខព្រមានថា សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ក៏កំពុងតែបង្កើនការគាំទ្រផ្នែកគោលនយោបាយ ការសម្របសម្រួលក្នុងឧស្សាហកម្ម និងការដាក់ពង្រាយប៉ាតង់យ៉ាងគំហុក ដែលអាចនឹងធ្វើឱ្យចិនបាត់បង់ឧត្តមភាពនាំមុខរបស់ខ្លួន។

ផ្អែកលើទិន្នន័យគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ចំនួនប៉ាតង់ដែលពាក់ព័ន្ធនឹងអាគុយ Solid-state នៅទូទាំងពិភពលោកមានរហូតដល់ ១៦,៤២៩ ប៉ាតង់ (គ្របដណ្តប់លើប៉ាតង់ប្លែកៗចំនួន ៦,៣២១)។ ក្នុងនោះ៖

ប្រទេសចិន៖ នាំមុខគេដោយមានចំនួនប៉ាតង់សរុប ៣,៣៤១ (ក្តោបក្តាប់ចំណែកទីផ្សារប៉ាតង់សកលប្រមាណ ៣៥% និងមានប៉ាតង់ពាក់ព័ន្ធនឹងសារធាតុអេឡិចត្រូលីត (Electrolyte) រហូតដល់ ៣៩% ខ្ពស់ជាងគេបំផុត)។
ប្រទេសជប៉ុន៖ ឈរនៅចំណាត់ថ្នាក់លេខ២ ជាចំនួនយ៉ាងប្រកៀកប្រកិត មានចំនួន ៣,២២៥ ប៉ាតង់។
សហរដ្ឋអាមេរិក៖ មានចំនួន ២,៣៥៥ ប៉ាតង់។
កូរ៉េខាងត្បូង៖ មានចំនួន ១,៥៤៤ ប៉ាតង់។

តែទោះបីជាប្រទេសចិន មានសកម្មភាពស្រាវជ្រាវក្នុងទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែរបាយការណ៍បានចង្អុលបង្ហាញពីចន្លោះប្រហ្វោងមួយ គឺកង្វះខាតការប្រមូលផ្តុំប៉ាតង់កម្រិតកំពូល (Top-tier patents)។ ហើយជាជាក់ស្តែង ក្នុងចំណោមស្ថាប័នកំពូលទាំង ៣០ នៅលើពិភពលោក ដែលឈានមុខគេលើប៉ាតង់អាគុយ Solid-state និងអេឡិចត្រូលីត គឺក្រុមហ៊ុនជប៉ុនក្តោបក្តាប់រហូតដល់ ១៧ស្ថាប័ន ខណៈក្រុមហ៊ុនចិន មានត្រឹមតែ ៧ក្រុមហ៊ុន កូរ៉េខាងត្បូងមាន ៥ និងអឺរ៉ុបមាន ១ ប៉ុណ្ណោះ។

សូមជម្រាបផងថា បច្ចុប្បន្ន ការអភិវឌ្ឍបច្ចេកវិទ្យានេះកំពុងដើរលឿនយ៉ាងខ្លាំង ដោយថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវចិន​ ទើបតែបានដាក់បង្ហាញគំរូដើមថ្មីមួយ (Prototype) នៃអាគុយ Solid-state ដែលមានដង់ស៊ីតេថាមពលខ្ពស់រហូតដល់ ៤៥១.៥ Wh/kg និងសមត្ថភាពអាចសាកថ្មលឿនត្រឹមតែ ៣ នាទីប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រុមហ៊ុន Ganfeng ដែលគាំទ្រដោយ Changan ក៏បានប្រកាសថា អាគុយ Solid-state ដែលមានថាមពលកម្រិត ៤០០ Wh/kg របស់ខ្លួន អាចសាកបានក្នុងកម្រិតវដ្ត (Cycles) បានជាង ១,១០០ដង ហើយប្រភេទ ៥០០ Wh/kg ក៏បានឈានដល់ការផលិតក្នុងកម្រិតតូច (Small-batch production) ផងដែរ។

ជាមួយគ្នានោះ អ្នកជំនាញបានព្យាករណ៍ថា ឧស្សាហកម្មនេះនឹងផ្លាស់ប្តូរពីការផលិតសាកល្បង Semi-solid នៅក្នុងឆ្នាំ២០២៦ នេះ ទៅជាការផលិតអាគុយ All-solid-state ក្នុងកម្រិតតូចនៅឆ្នាំ២០២៧ និងឈានទៅដល់ការផលិតទ្រង់ទ្រាយធំសម្រាប់រថយន្តលំដាប់ខ្ពស់ (High-end) នៅត្រឹមឆ្នាំ២០៣០ ដោយត្រូវជម្នះលើបញ្ហាថ្លៃដើម និងរបាំងប៉ាតង់អន្តរជាតិជាមុនសិន៕