ឧស្សាហកម្ម EV នឹងរង្គើ! BYD ស្នើដាក់ប៉ាតង់អាគុយរឹង Solid-State ប្រជែងទីផ្សារ ស្របពេលចិនដាក់គោលដៅសាកល្បងផលិតនៅឆ្នាំ២០២៧
25-05-2026 14:33
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលមួយរបស់ប្រទេសចិន BYD បានដាក់ពាក្យសុំប៉ាតង់ថ្មីមួយសម្រាប់ «ស្រទាប់ភ្នាសអេឡិចត្រូលីតរឹងចម្រុះ» (Composite solid electrolyte membrane) ដែលប្រើប្រាស់នៅក្នុងបច្ចេកវិទ្យាអាគុយជំនាន់ថ្មី Solid-state (អាគុយស្ថានភាពរឹង) ប្រភេទស៊ុលហ្វាត (Sulfide)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CarNewsChina នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
យោងតាមឯកសារចុះបញ្ជីប៉ាតង់លេខ CN121983643A បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន BYD នេះ គឺស្ថិតលើគម្រោងការផលិតឡើងពីភាគល្អិតអេឡិចត្រូលីតរឹងអសរីរាង្គ (ទាំងទំហំតូចនិងធំ) ជាមួយបណ្តាញសរសៃនៃអេឡិចត្រូលីតប៉ូលីមែរ និងអំបិលលីចូប ហើយរចនាសម្ព័ន្ធឆ្លាតវៃនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនចរន្តចម្លងអ៊ីយ៉ុង (Ionic conductivity) និងបង្កើនភាពធន់ផ្នែកមេកានិកនៃស្រទាប់ភ្នាសអាគុយឱ្យកាន់តែរឹងមាំ។
តែទោះជាយ៉ាងណា លោក Lian Yubo ប្រធានអ្នកវិទ្យាសាស្ត្ររបស់ BYD បានទម្លាយថា ការធ្វើពាណិជ្ជកម្មអាគុយ All-solid-state នៅតែជួបប្រទះភាពទាល់ច្រកខ្លាំងលើផ្នែកវិស្វកម្ម ការគ្រប់គ្រងថ្លៃដើម និងទិន្នផលផលិតកម្ម ជាពិសេសគឺស្ថិរភាពចំណុចប្រទាក់គ្នារវាងធាតុរឹងនិងធាតុរឹង និងការទប់ស្កាត់ការកកើតទម្រង់ (Lithium dendrite)។ លោកសង្កត់ធ្ងន់ថា ឧស្សាហកម្មទាំងមូលត្រូវរួមគ្នាអភិវឌ្ឍប្រព័ន្ធផលិតកម្មទាំងមូល មិនមែនផ្តោតតែលើកោសិកាអាគុយនោះទេ។
តាមប្រភពដដែលបានឱ្យដឹងដែរថា ក្រុមហ៊ុន BYD មានផែនការដាក់ពង្រាយអាគុយ Solid-state នេះក្នុងកម្រិតសាកល្បង (Pilot-scale) នៅឆ្នាំ២០២៧ ខាងមុខ ស្របពេលជាមួយគ្នានឹងការអភិវឌ្ឍអាគុយប្រភេទ សូដ្យូម-អ៊ីយ៉ុង (Sodium-ion) ជំនាន់ទី៣។
ខណៈបច្ចុប្បន្ន មិនមែនមានតែ BYD ទេ ក្រុមហ៊ុនចិន ជាច្រើនទៀតក៏កំពុងសម្រុកអភិវឌ្ឍអាគុយ Solid-state នេះផងដែរ ដោយកំណត់គោលដៅសាកល្បងការផលិត និងដំឡើងលើរថយន្តនៅឆ្នាំ២០២៧ ដូចគ្នារួមមាន៖
ក្រុមហ៊ុន CALB & Chery៖ កំពុងអភិវឌ្ឍអាគុយ All-solid-state កម្លាំង 60Ah ដែលមានដង់ស៊ីតេថាមពលខ្ពស់រហូតដល់ 400-450 Wh/kg។
ក្រុមហ៊ុន CATL & GAC៖ កំពុងដំណើរការសាកល្បងផលិតក្នុងកម្រិតតូច (Small-batch) លើបច្ចេកវិទ្យាផ្អែកលើសារធាតុស៊ុលហ្វាត (Sulfide)។
ទោះជាយ៉ាងណា ផ្អែកលើទិន្នន័យពី China EV DataTracker បានបង្ហាញថា សម្រាប់ការលក់របស់ BYD នៅក្នុងឆ្នាំ២០២៥ និង២០២៦ នេះ រថយន្តអគ្គិសនី EV គឺនៅតែបន្តពឹងផ្អែកទាំងស្រុងលើអាគុយប្រភេទ LFP (Lithium Iron Phosphate) ដែលជាបច្ចេកវិទ្យាស្នូលបច្ចុប្បន្នរបស់ក្រុមហ៊ុនដដែល ។ ជាក់ស្តែង បរិមាណនៃការបំពាក់អាគុយរបស់ BYD សម្រេចបាន ១០.៤៩ GWh នៅក្នុងខែមេសា ឆ្នាំ២០២៦ ជាមួយនឹងចំណែកទីផ្សារ ១៦.៨% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០២៥ ដែលមានចំនួន ១២.៨៤ GWh និងចំណែកទីផ្សារ ២២.៥% ដោយអាគុយទាំងអស់នោះគឺជាប្រភេទ LFP ទាំងស្រុង៕



