CEO របស់​ Nvidia បញ្ជាក់ថា ទីផ្សារចិននៅតែជាដង្ហើមសេដ្ឋកិច្ច AI របស់ខ្លួន

25-05-2026 14:37

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនយក្សបច្ចេកវិទ្យា Nvidia លោក Jensen Huang បានប្រកាសជាផ្លូវការថា ការព្យាករណ៍របស់លោកអំពីទីផ្សារបន្ទះឈីបដំណើរការកណ្តាល (CPU) ជំនាន់ថ្មី ដែលមានតម្លៃរហូតដល់ ២០០ពាន់លានដុល្លារ គឺបានរួមបញ្ចូលទាំងប្រទេសចិនផងដែរ។ ការលើកឡើងនេះ បានបង្ហាញឱ្យឃើញថា ទីផ្សារប្រទេសចិននៅតែជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់ និងមានតម្រូវការរយៈពេលវែងសម្រាប់ក្រុមហ៊ុន បើទោះបីជាភាពតានតឹងផ្នែកបច្ចេកវិទ្យារវាងអាមេរិក និងចិនកំពុងបន្តកើតមានក៏ដោយ។

ការផ្លាស់ប្តូរយុទ្ធសាស្ត្រងាកមកពង្រឹងផ្នែក CPU នេះ ធ្វើឡើងចំពេលដែលពិភពលោកកំពុងមាននិន្នាការខ្លាំងទៅលើ «Agentic AI» ដែលជាប្រព័ន្ធ AI មានសមត្ថភាពបំពេញការងារស្វ័យប្រវត្ត និងឯករាជ្យ ដែលធ្វើឱ្យតម្រូវការទីផ្សាររីកធំធាត់ហួសពីបន្ទះឈីបក្រាហ្វិក (GPU) ធម្មតា។ បច្ចុប្បន្ន Nvidia កំពុងជម្រុញផលិតកម្មបន្ទះឈីប CPU ជំនាន់ថ្មីមានឈ្មោះថា «Vera» ដើម្បីឆ្លើយតបនឹងទីផ្សារថ្មីនេះ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការឈានជើងចូលទីផ្សារចិនរបស់ Nvidia មិនមែនជារឿងរលូននោះទេ៖

១៖ ភាពទាល់ច្រកផ្នែកច្បាប់៖ ទោះបីជា Nvidia ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលអាមេរិកក្នុងការលក់បន្ទះឈីបកម្រិតខ្ពស់ស៊េរី H200ទៅឱ្យក្រុមហ៊ុនចិនប្រហែល ១០ក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានការដឹកជញ្ជូនសូម្បីតែមួយលើកឡើយ ដោយសារតែមិនទាន់មានការអនុម័តពីមន្ត្រីរដ្ឋាភិបាលចិន ដែលកំពុងព្យាយាមជម្រុញ និងគាំទ្រដល់ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបនៅក្នុងស្រុកខ្លួនឯង។
២៖​ រឿងអាស្រូវរត់ពន្ធខុសច្បាប់៖ ស្របពេលជាមួយគ្នានេះ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតយ៉ាងក្តៅគគុកលើករណីរត់ពន្ធឧបករណ៍ AI Servers កម្រិតខ្ពស់ដែលមានផ្ទុកបន្ទះឈីប Nvidia ទៅកាន់ប្រទេសចិន តាមរយៈដៃគូរបស់ខ្លួនគឺក្រុមហ៊ុន Super Micro ដែលមានតម្លៃរហូតដល់ ២.៥ ពាន់លានដុល្លារ ដែលជាការរំលោភលើច្បាប់រឹតត្បិតការនាំចេញរបស់សហរដ្ឋអាមេរិក។

គួរជម្រាបថា ដើម្បីឆ្លើយតបនឹងតម្រូវការសកល Nvidia កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេក្នុងលោក TSMC នៅតៃវ៉ាន់ ដើម្បីបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មនៃប្រព័ន្ធ «Vera Rubin» ដែលនឹងធ្វើឱ្យខ្សែសង្វាក់ផលិតកម្មនៅទីនោះមានភាពមមាញឹកខ្លាំងនៅឆមាសទីពីរនៃឆ្នាំនេះ៕