ធនាគារ «វីង» ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប
25-05-2026 15:12
(ភ្នំពេញ)៖ ការបង្កើនសមត្ថភាពទូទាត់រូបិយប័ណ្ណអឺរ៉ូ និងការពង្រឹងការទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់អឺរ៉ុប គឺធ្វើឡើងដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម វិនិយោគ និងលំហូរប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន បានកាន់តែរលូន។ ធនាគារ វីង (ខេមបូឌា) ម.ក បានបោះជំហានដ៏សំខាន់មួយទៀត នៅលើឆាកអន្តរជាតិ តាមរយៈការពង្រឹងសមត្ថភាពប្រតិបត្តិការ រូបិយប័ណ្ណអឺរ៉ូជាមួយ BRED Banque Populaire ដែលជាធនាគារសហករណ៍ឈានមុខគេមួយនៅប្រទេសបារាំង និងជាសមាជិកនៃ BPCE Group ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធ ធនាគារធំបំផុតនៅអឺរ៉ុប។
វឌ្ឍនភាពថ្មីនេះបានសម្រេចឡើង ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអឺរ៉ុប កំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដែលវានឹងជួយលើកកម្ពស់សមត្ថភាពទូទាត់ប្រាក់អឺរ៉ូរបស់កម្ពុជា ព្រមទាំងធ្វើឱ្យធនាគារ វីង អាចផ្តល់នូវសេវាទូទាត់ប្រាក់ដ៏មានសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ជូនដល់អតិថិជន។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា «នេះគឺជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀត សម្រាប់ធនាគារ វីង ក្នុងការពង្រីកសក្តានុពលនៅលើឆាកអន្តរជាតិ។ តាមរយៈការពង្រឹងសមត្ថភាពរបស់យើង ក្នុងការគាំទ្រប្រតិបត្តិការរូបិយប័ណ្ណអឺរ៉ូ ឱ្យកាន់តែមានប្រសិទ្ធភាព ហើយអាចទុកចិត្តបាន យើងកំពុងជួយសម្រួលដល់ដំណើរការទូទាត់ឱ្យកាន់តែរលូនជាងមុន។ ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប បន្តរីកចម្រើនយ៉ាងរឹងមាំ ធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូន នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុលំដាប់ពិភពលោក ដែលជួយជំរុញសក្តានុពល និងភាពងាយស្រួលដល់ក្រុមហ៊ុននាំចេញ-នាំចូល ក៏ដូចជាធុរជនទាំងអស់ផងដែរ»។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប បន្តកើនឡើងជាលំដាប់ ដោយក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុបបានកើនឡើងជាង ១៣% កាលពីឆ្នាំមុន ដែលស្មើនឹងទឹកប្រាក់ជិត ៥ ពាន់លានដុល្លារអាមេរិក ដែលជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីសរុបកើនដល់ប្រមាណ ៥,៨៧ ពាន់លានដុល្លារអាមេរិក។ តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធធនាគារអន្តរជាតិ ធនាគារ វីង នឹងបង្កើនសមត្ថភាពក្នុងការផ្តល់ សេវាហិរញ្ញប្បទានពាណិជ្ជកម្មឆ្លងដែន សេវាផ្ទេរប្រាក់ សេវាប្តូរប្រាក់អន្តរជាតិ និងសេវាទូទាត់នានាឱ្យកាន់តែប្រសើរឡើង។ ការណ៍នេះនឹងជួយឱ្យការទូទាត់ប្រាក់អឺរ៉ូកាន់តែរហ័ស ដំណើរការសេវាលិខិតឥណទាន និងសេវាប្រមូលឯកសារ (ឬសេវាបេឡានិច័យ) មានភាពរលូនជាងមុន ព្រមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារអឺរ៉ុប។
ធនាគារ វីង បានរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការប្រកាន់ខ្ជាប់នូវស្តង់ដាអន្តរជាតិ នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ និងសមត្ថភាពឌីជីថលដ៏ទំនើប ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្បូរបែបជាង ១០០ ប្រភេទតាមរយៈអេប Wing Bank។ យោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ធនាគារ វីង បានជាប់ឈ្មោះស្ថិតក្នុងចំណោមគ្រឹះស្ថាន ធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើទំហំទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន។
ដ្បិតទើបតែវិវឌ្ឍខ្លួនជាធនាគារពាណិជ្ជពេញលេញ ត្រឹមរយៈពេលដ៏ខ្លីក៏ដោយ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសន្ទុះនៃការរីកចម្រើន ទំនុកចិត្តអតិថិជនឥតងាករេ និងកិត្យានុភាពរបស់ធនាគារ វីង ក្នុងការសម្រេចបាននូវការពង្រីកវិសាលភាព ទៅកាន់ឆាកអន្តរជាតិ៕


