មិចស៊ិក យល់ព្រមធ្វើម្ចាស់ផ្ទះទទួលអ៉ីរ៉ង់ សម្រាប់ World Cup 2026 ជំនួសអាមេរិក
26-05-2026 09:51
(បរទេស)៖ ប្រធានាធិបតីមិចស៊ិក លោកស្រី Claudia Sheinbaum បានឯកភាពក្នុងការអនុញ្ញាតឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់លេង World Cup 2026 ក្នុងប្រទេសមិចស៊ិកជំនួសសហរដ្ឋអាមេរិក។
បើយោងតាមការចេញផ្សាយដោយ BBC បានឲ្យដឹងថា បច្ចុប្បន្នអ៉ីរ៉ង់ដែលត្រៀមលេង WC26 តំណាងទ្វីបអាស៊ីនោះ បានកំពុងបោះជំរំហ្វឹកហាត់នៅប្រទេសតួកគីយ៉េ។
លោកស្រី Sheinbaum បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រីបានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធ FIFA ដើម្បីទទួលក្រុមអ៉ីរ៉ង់ ក្នុងការស្នាក់នៅ និងលេង World Cup 2026 នៅទីនេះ ក្រោយពេលប្រទេសសហម្ចាស់ផ្ទះអាមេរិកបដិសេធរួចមក។
លោកស្រីថ្លែងថា "វាគ្មានហេតុផលណាដែលមិចស៊ិកបដិសេធ ចំពោះអ៉ីរ៉ង់ឡើយ"។
គួរបញ្ជាក់ផងថា កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ FIFA បានចេញមកឲ្យដឹងថា អ៉ីរ៉ង់នឹងហ្វឹកហាត់ និងស្នាក់នៅមិចស៊ិក ក៏ប៉ុន្តែ ៣ប្រកួតក្នុងពូល G របស់ពួកគេនៅអាមេរិក មិនត្រូវបានសហព័ន្ធថាលើកទៅទីតាំងណានោះ ឬបន្តធ្វើតាមកម្មវិធីនោះទេ៕



