លោក Mark Zuckerberg ផ្ញើសារលាគ្នាទៅកាន់បុគ្គលិក ៨ពាន់នាក់ ដែលត្រូវបញ្ឈប់ ព្រមទាំងសន្យា ២យ៉ាងដល់បុគ្គលិក ៧ម៉ឺននាក់ដែលនៅសល់

26-05-2026 10:46

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta មេធំរបស់កម្មវិធី Facebook, Instagram និង WhatsApp បានកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំជាថ្មីម្តងទៀត ដោយបានបញ្ឈប់បុគ្គលិកប្រមាណ ៨,០០០ នាក់ ដែលស្មើនឹង ១០% នៃកម្លាំងពលកម្មសរុបរបស់ខ្លួន។ នៅក្នុងអ៊ីមែលផ្ញើទៅកាន់បុគ្គលិកទាំងអស់ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានថ្លែងអំណរគុណ និងលាគ្នាទៅកាន់អ្នកដែលត្រូវចាកចេញ ព្រមទាំងបានផ្តល់ការសន្យាសំខាន់ៗចំនួនពីរ ដើម្បីសម្រាលការព្រួយបារម្ភរបស់បុគ្គលិកប្រមាណ ៧០,០០០ នាក់ ដែលកំពុងបន្តការងារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Time Of India នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

យោងតាមប្រភពព័ត៌មាន ការបញ្ឈប់បុគ្គលិកនេះត្រូវបានធ្វើឡើងជាបីដំណាក់កាលទៅតាមតំបន់ផ្សេងៗគ្នា ដោយចាប់ផ្តើមដំបូងគេនៅតំបន់អាស៊ី (ដូចជាសិង្ហបុរី) នៅម៉ោង ៤:០០ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) រួចបន្តទៅកាន់តំបន់អឺរ៉ុប និងអាមេរិក។ បុគ្គលិកមួយចំនួនត្រូវបានបង្គាប់ឱ្យធ្វើការពីផ្ទះ (Work from home) មុនពេលដែលអ៊ីមែលបណ្តេញចេញត្រូវបានផ្ញើទៅដល់ប្រអប់សំបុត្ររបស់ពួកគេយ៉ាងទាន់ហន់។

សម្រាប់បុគ្គលិកដែលត្រូវបានបញ្ឈប់នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Meta នឹងផ្តល់កញ្ចប់ទូទាត់សំណង (Severance Package) រួមមាន៖

ប្រាក់ខែគោលចំនួន ១៦សប្តាហ៍ បូករួមបន្ថែម ២ សប្តាហ៍ទៀតសម្រាប់រាល់ឆ្នាំនីមួយៗដែលពួកគេបានបម្រើការងារ។
ការរ៉ាប់រងលើថ្លៃធានារ៉ាប់រងសុខភាព (COBRA) រយៈពេល ១៨ ខែ។ ជំនួយក្នុងការស្វែងរកការងារថ្មីពីសេវាកម្មខាងក្រៅ។

បន្ទាប់ពីឆ្លងកាត់ការរង់ចាំប្រកបដោយភាពតានតឹងអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក លោក Mark Zuckerberg បានផ្តល់ការសន្យាពីរយ៉ាងទៅកាន់បុគ្គលិកចំនួន ៧០,០០០ នាក់ដែលនៅសល់ ដើម្បីរក្សាស្ថិរភាពផ្លូវចិត្ត និងទំនុកចិត្តនៅក្នុងក្រុមហ៊ុន៖

១៖ គ្មានការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំទៀតទេនៅក្នុងឆ្នាំនេះ៖ លោកបានធានាថា ក្រុមហ៊ុនមិនមានគម្រោងបញ្ឈប់បុគ្គលិកក្នុងកម្រិតទូទាំងក្រុមហ៊ុន (Company-wide layoffs) ទៀតឡើយសម្រាប់ឆ្នាំ ២០២៦ នេះ ដែលនេះជាការផ្តល់ភាពកក់ក្តៅចិត្តមួយដល់បុគ្គលិកដែលកំពុងបារម្ភពីស្ថិរភាពការងារ។

២៖ ការទទួលស្គាល់កំហុស និងកែលម្អការប្រាស្រ័យទាក់ទង៖ លោក Zuckerberg បានទទួលស្គាល់ដោយត្រង់ថា ក្រុមហ៊ុន Meta ពិតជាមានចំណុចខ្វះខាត និងមិនមានភាពច្បាស់លាស់ក្នុងការប្រាស្រ័យទាក់ទង ឬផ្តល់ព័ត៌មានទៅកាន់បុគ្គលិកនៅដំណាក់កាលមុនពេលឈានដល់ការកាត់បន្ថយនេះ ដែលធ្វើឱ្យបុគ្គលិកជាច្រើនត្រូវរស់នៅក្នុងភាពស្រពិចស្រពិល។ លោកបានសន្យាថានឹងធ្វើឱ្យការផ្ដល់ព័ត៌មានមានភាពល្អប្រសើរជាងមុន ក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុននាពេលអនាគត។

គួរជម្រាបថា ហេតុផលចម្បងដែលនាំឱ្យមានការកាត់បន្ថយបុគ្គលិកចំនួន ៨,០០០ នាក់នេះ គឺមិនមែនដោយសារក្រុមហ៊ុនខាតបង់នោះទេ ប៉ុន្តែគឺដើម្បីកាត់បន្ថយចំណាយ រួចយកថវិកាទាំងនោះទៅបង្កើនការវិនិយោគលើផ្នែកបញ្ញាសិប្បនិម្មិត (AI) វិញ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Meta គ្រោងនឹងចំណាយទុនយ៉ាងច្រើនទ្វេដងធៀបនឹងឆ្នាំ២០២៥ ទៅលើមជ្ឈមណ្ឌលទិន្នន័យ (Data Centres), បន្ទះឈីបផ្ទាល់ខ្លួន (Custom Chips) និងការបណ្តុះបណ្តាលម៉ូដែល AI សម្រាប់មន្ទីរពិសោធន៍ Meta Superintelligence Labs៕