សហភាពអឺរ៉ុបត្រៀមពិន័យ Google ខ្ទង់រាប់រយលានអឺរ៉ូ ជុំវិញរឿងក្តីផ្តាច់មុខទីផ្សារ

26-05-2026 14:36

(បរទេស)៖ កាសែតអាល្លឺម៉ង់ Handelsblatt បានរាយការណ៍ថា សហភាពអឺរ៉ុប (EU) កំពុងរៀបចំផែនការផាកពិន័យក្រុមហ៊ុន Google (Alphabet) ក្នុងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅរាប់រយលានអឺរ៉ូ។ ការពិន័យដ៏ធំធេងនេះ ធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតផ្លូវការកាលពីខែមីនា ឆ្នាំ២០២៥ ជុំវិញការសង្ស័យថា Google បានលម្អៀងដោយផ្តល់អាទិភាពខ្ពស់ដល់សេវាកម្មផ្ទាល់ខ្លួន នៅក្នុងលទ្ធផលនៃការស្វែងរក (Search Results) ដែលទង្វើនេះបានរំលោភលើច្បាប់ស្តីពីទីផ្សារឌីជីថល (DMA) ក្នុងការទប់ស្កាត់អំណាចក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

ទាក់ទិននឹងចំណាត់ការនេះ លោក Thomas Regnier អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានគូសបញ្ជាក់តាមរយៈអ៊ីមែលថា គោលបំណងចម្បងគឺចង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាគោរពច្បាប់ជាជាងការចង់ផាកពិន័យ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា៖ «ទោះបីជាមានការចរចារបស់យើងលើដំណោះស្រាយនាពេលអនាគតក៏ដោយ យើងនឹងមិនរារែកក្នុងការឈានទៅជំហានបន្ទាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននោះទេ»

ជាការឆ្លើយតប ខាងក្រុមហ៊ុន Google បានបង្ហាញការមិនពេញចិត្តចំពោះច្បាប់ដ៏តឹងរ៉ឹងរបស់ EU ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃប្រព័ន្ធស្វែងរករបស់ខ្លួន។ អ្នកនាំពាក្យរបស់ Google បានលើកឡើងទាំងមិនសប្បាយចិត្តថា៖ «ការផ្លាស់ប្តូរដែលយើងបានធ្វើរួចហើយចំពោះប្រព័ន្ធស្វែងរក (Search) នៅក្រោមច្បាប់ DMA តំណាងឱ្យការទម្លាក់កម្រិតផលិតផលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលបង្កើតនូវបទពិសោធន៍ដ៏អន់មួយសម្រាប់ប្រជាជនអឺរ៉ុប ប៉ុន្តែវាបែរជាផ្តល់ផលប្រយោជន៍ដល់អ្នកប្តឹងតវ៉ាមួយចំនួនតូចដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ»

គួរជម្រាបថា បច្ចុប្បន្ន សហភាពអឺរ៉ុបបានទុកពេលបន្ថែមឱ្យ Google ក្នុងការកែសម្រួលប្រព័ន្ធរបស់ខ្លួន បន្ទាប់ពីដំណោះស្រាយលើកមុនត្រូវបានបដិសេធព្រោះមិនទាន់ល្អគ្រប់គ្រាន់។ ទោះជាយ៉ាងណា សេចក្តីសម្រេចពិន័យជាផ្លូវការត្រូវបានគេរំពឹងថានឹងត្រូវប្រកាសឡើង មុនពេលការឈប់សម្រាករដូវក្តៅខាងមុខនេះ៕