ហ្វេនៗត្រៀមលុយ! លេចធ្លាយ iPhone 18 Pro ពណ៌ថ្មី «Dark Cherry» ដ៏ទាក់ទាញ និងមានរូបរាងក្រាស់ជាងមុន

26-05-2026 15:47

(បរទេស)៖ ត្រកូលទូរសព្ទកំពូលជំនាន់ថ្មី iPhone 18 Pro ស៊េរីឆ្នាំ ២០២៦ របស់ក្រុមហ៊ុន Apple ត្រូវបានទម្លាយរូបរាង និងជម្រើសពណ៌ជាបណ្តើរៗហើយ តាមរយៈការលេចធ្លាយវីដេអូបង្ហាញផ្ទាល់ និងរូបភាពស្រោមការពារ (Cases) ផ្លូវការ។ ផ្អែកលើប្រភពព័ត៌មានទាំងនោះ Apple ហាក់នៅតែរក្សាទម្រង់រចនាបថរូបរាងស្រដៀងទៅនឹងជំនាន់មុន ដដែល ប៉ុន្តែបានបន្ថែមភាពទាក់ទាញខ្លាំងលើជម្រើសពណ៌ថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Notebookcheck។

ព័ត៌មានលេចធ្លាយខាងលើ បានបង្ហាញពីពណ៌ចំនួន ៣ ក្នុងចំណោម ៤ ពណ៌ រួមមាន ពណ៌ខៀវខ្ចី (Light Blue), ពណ៌ប្រផេះក្រម៉ៅ (Dark Gray) និងពណ៌ដែលលេចធ្លោជាងគេគឺ «Dark Cherry»។ ពណ៌ថ្មីសន្លាងមួយនេះ ត្រូវបានគេពិពណ៌នាថាជា «ពណ៌ក្រហមក្រម៉ៅស្រដៀងនឹងពណ៌ស្រាក្រហម» ហើយវាត្រូវបានរំពឹងថានឹងក្លាយជាពណ៌ឯក (Hero Color) ប្រចាំជំនាន់ ដើម្បីមកជំនួសតំណែងពណ៌ទឹកក្រូច (Cosmic Orange) របស់ iPhone 17 Pro។

ក្រៅពីពណ៌តួខាងក្រៅ ក៏មានព័ត៌មានជុំវិញបច្ចេកវិទ្យាអេក្រង់ផងដែរ ដោយមានការបង្ហើបថា ចន្លោះឆ្នូតទំលុះអេក្រង់ Dynamic Island នឹងមានទំហំតូចជាងមុន ដែលជួយឱ្យផ្ទៃបង្ហាញរបស់អេក្រង់កាន់តែធំទូលាយជាងមុនមួយកម្រិតទៀត។

ទោះជាយ៉ាងណា អ្នកគាំទ្រប្រហែលជាត្រូវត្រៀមចិត្តទិញ Case ទូរស័ព្ទថ្មី ព្រោះប្រភពព័ត៌មានបានបញ្ជាក់ថា iPhone 18 Pro និង 18 Pro Max ថ្មី អាចនឹងមានកម្រាស់ក្រាស់ជាងម៉ូដែលមុនៗ ដែលធ្វើឱ្យ Case ស៊េរីថ្មីនេះ មិនអាចយកមកប្រើរួមគ្នាជាមួយម៉ូដែលចាស់បានឡើយ។ គួរបញ្ជាក់ថា ត្រកូល iPhone 18 នេះ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសសម្ពោធជាផ្លូវការនៅក្នុងខែកញ្ញា ខាងមុខនេះហើយ៕