ស្ថាបនិក Anthropic ព្រមាន៖ «ការអភិវឌ្ឍ AI មិនអាចកាត់ផ្ដាច់ និងទុកចិត្តលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សតែម្នាក់ឯងបានឡើយ»

27-05-2026 08:45

(បរទេស)៖ លោក Chris Olah ដែលជាសហស្ថាបនិកក្រុមហ៊ុនបញ្ញាសិប្បនិម្មិតល្បីល្បាញ Anthropic បាននិយាយនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ការវិវត្តយ៉ាងគំហុកនៃបច្ចេកវិទ្យា AI មិនអាចបណ្ដោយឱ្យស្ថិតនៅក្រោមការគ្រប់គ្រង និងការសម្រេចចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាតែម្ខាងបានឡើយ។ លោកបានអំពាវនាវឱ្យមានការចូលរួមត្រួតពិនិត្យ និងណែនាំបន្ថែមពីសំណាក់ថ្នាក់ដឹកនាំសាសនា រដ្ឋាភិបាល និងសង្គមស៊ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកបានចូលរួមអមដំណើរសម្តេចប៉ាប ឡេអូ ទី១៤ (Pope Leo XIV) នៅក្នុងពិធីប្រកាសចេញផ្សាយនូវលិខិតសព្វវចនាធិប្បាយ (Encyclical) ដំបូងបង្អស់របស់សម្តេចប៉ាប ដែលផ្តោតសំខាន់លើ «ក្រមសីលធម៌ និងឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI)» នៅបុរីវ៉ាទីកង់។ អង្គុយនៅក្បែរសម្តេចប៉ាប លោក Chris Olah បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយលើកឡើងថា វាមាន «លទ្ធភាពជាក់ស្តែងខ្ពស់ណាស់» ដែលបច្ចេកវិទ្យា AI នឹងចូលមកជំនួសកម្លាំងពលកម្មមនុស្សក្នុងកម្រិតទ្រង់ទ្រាយធំនានាពេលអនាគត។ លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើរឿងនោះកើតឡើងពិតមែន ការជួយជ្រោមជ្រែង និងការបំពេញលំនឹងជីវភាពដល់មនុស្សដែលត្រូវបាត់បង់ការងារ នឹងក្លាយជាកាតព្វកិច្ចសីលធម៌ដ៏ធំធេងបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។

ទោះបីជា Anthropic ត្រូវបានគេស្គាល់ថា ជាមន្ទីរពិសោធន៍ AI ដែលផ្តោតលើសុវត្ថិភាពខ្ពស់ក៏ដោយ ក៏លោក Olah បានសារភាពដោយត្រង់ថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ រួមទាំងក្រុមហ៊ុនរបស់លោកផងដែរ សុទ្ធតែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីផ្នែកពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយ និងសម្ពាធផ្ទាល់ខ្លួន ដែលជារឿយៗសម្ពាធទាំងនេះអាចផ្ទុយស្រឡះពីផលប្រយោជន៍រួមរបស់សង្គម។
លោកបានពន្យល់ថា៖ «រាល់មន្ទីរពិសោធន៍ទាំងអស់... តែងតែដំណើរការក្រោមការលើកទឹកចិត្ត និងដែនកំណត់មួយចំនួន ដែលជួនកាលវាបានជះឥទ្ធិពលជម្លោះទៅលើអ្វីដែលយើងគួរធ្វើជាការត្រឹមត្រូវ»។ លោកបានបន្ថែមថា ទោះបីជាអ្នកស្រាវជ្រាវមានចេតនាល្អកម្រិតណាក៏ដោយ ក៏ពួកគេនៅតែរងឥទ្ធិពលពីកម្លាំងទីផ្សារទាំងនោះដដែល ហេតុនេះទើបការត្រួតពិនិត្យ និងការវាយតម្លៃពីខាងក្រៅជារឿងដែលមិនអាចខ្វះបាន។

ស្ថាបនិក AI រូបនេះបានគូសបញ្ជាក់ថា សំណួរដែលចោទឡើងដោយបច្ចេកវិទ្យា AI វាធំធេងពេកសម្រាប់សហគមន៍អ្នកស្រាវជ្រាវបច្ចេកវិទ្យាជជែកដោះស្រាយតែឯង។ លោកចង់ឃើញមាន «អ្នករិះគន់ប្រកបដោយការគិតគូរនិងស្មោះត្រង់» ពីមជ្ឈដ្ឋានខាងក្រៅដើម្បីជួយតម្រង់ទិស។ លោក Olah បានសង្ខេបបញ្ហាអាទិភាពចំនួន ៣ ដែលពិភពលោកត្រូវយកចិត្តទុកដាក់៖
១៖ ហានិភ័យនៃការបាត់បង់ការងារជាសកល។
២៖ ការធានាថាផលប្រយោជន៍ និងផ្លែផ្កាដែលបានពី AI ត្រូវបានចែករំលែកទៅដល់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក (មិនមែនស្ថិតក្នុងដៃប្រទេសអ្នកមាន ឬក្រុមហ៊ុនធំៗពីរបីនោះទេ)។
៣៖ សំណួរដែលមិនទាន់មានចម្លើយ ស្ដីពីរបៀបបកស្រាយ និងស្វែងយល់ពីឥរិយាបថរបស់ប្រព័ន្ធ AI ដែលកាន់តែស្មុគស្មាញ និងមានភាពស្រពិស្រពិល (Opaque/Black Box)។

គួរជម្រាបថា ព្រឹត្តិការណ៍កាលពីថ្ងៃច័ន្ទនេះ គឺជាចំណុចប្រសព្វដ៏កម្រ និងគួរឱ្យចាប់អារម្មណ៍មួយ រវាង «វិស័យបច្ចេកវិទ្យាកម្រិតខ្ពស់» និង «សាសនាកាតូលិក» ដែលស្ថាប័នសាសនាមួយនេះកំពុងព្យាយាមបង្ហាញខ្លួនជាសំឡេងសីលធម៌ក្នុងការណែនាំ និងគ្រប់គ្រងការវិវត្តដ៏លឿនដូចព្យុះនៃបញ្ញាសិប្បនិម្មិត៕