មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កីឡាជាស្ពានការទូតដ៏មានប្រសិទ្ធភាព និងពូនជ្រំនូវសាមគ្គីភាពក្នុងតំបន់អាស៊ាន

27-05-2026 08:52

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលលើកពេលមកធ្វើក្នុងឆ្នាំ២០២៦ រំពឹងខ្ពស់ថា នឹងក្លាយជាស្ពានការទូតដ៏សំខាន់ក្នុងការរឹតចំណងសាមគ្គីភាពរវាងកងកម្លាំងអនុវត្តច្បាប់ក្នុងតំបន់។

ថ្លែងក្នុងសន្និសីទសារព័ត៌ មុនចាប់ផ្ដើមការប្រកួតផ្លូវការនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្នាំនេះ មានលក្ខណៈពិសេសខុសប្លែកពីឆ្នាំមុន ដោយលោកសង្កត់ធ្ងន់ថា «ក្រៅពីការផ្លាស់ប្តូរនូវសកម្មភាពការងាររបស់កងកម្លាំងអនុវត្តច្បាប់នេះ យើងក៏បង្កើតព្រឹត្តិការណ៍កីឡានេះឡើង ដើម្បីបន្ត និងពូនជ្រំនូវចំណងមិត្តភាពរបស់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃដដែល បានបន្ថែមថា ការលេងកីឡាក្រោយសម្រាកពីការងារមិនត្រឹមតែផ្តល់នូវសុខភាពរាងកាយមាំមួន និងអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាបានដើរតួនាទីយ៉ាងសំខាន់ជា «ទូតសុច្ឆន្ទៈ» ផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសមួយទៅកាន់ប្រទេសមួយទៀតប្រកបដោយនិរន្តរភាព។

ទន្ទឹមជាមួយគ្នា លោក សរ សិទ្ធិ ក៏បានឆ្លៀតឱកាសអំពាវនាវដល់មហាជនឱ្យចូលរួមលេងកីឡាយ៉ាងហោចណាស់មួយប្រភេទសម្រាប់ជីវិត ស្របតាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលថា «ពលរដ្ឋម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។ តាមរយៈព្រឹត្តិការណ៍អន្ដរជាតិនេះដែរ លោកសង្ឃឹមថា ក៏នឹងមានទស្សនិកជនចូលរួមគាំទ្រយ៉ាងច្រើនកុះករ ដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកដែលជាតំណាងជាតិ។

ជុំវិញការអវត្តមានរបស់ប្រទេសជាសមាជិកអាស៊ានមួយចំនួន ប្រធានគណៈកម្មការដដែល ក៏បានបញ្ជាក់ច្បាស់ៗថា គឺដោយសារបណ្តាប្រទេសទាំងនោះមានភារកិច្ចផ្ទៃក្នុងជាន់ចំថ្ងៃប្រកួត ទើបមិនអាចឆ្លើយតបតាមការអញ្ជើញរបស់កម្ពុជាដែលជាម្ចាស់ផ្ទះ។ លោកបញ្ជាក់ថា៖ «យើងបានអញ្ជើញប្រទេសទាំងអស់។ ប៉ុន្តែដោយសារប្រទេសមួយចំនួនគាត់មានកម្មវិធីផ្ទាល់ខ្លួននៅប្រទេសរបស់គាត់ អ៊ីចឹង! នៅពេលដែលព្រឹត្តិការណ៍យើងរៀបចំនៅនេះ ជាន់នឹងកម្មវិធីផ្ទាល់ខ្លួនរបស់គាត់ អីចឹងហើយគាត់ក៏អត់បានមក»

យោងតាមរបាយការណ៍ពីគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ លើកទី២ នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៦ នៅទីលានក្នុងបរិវេណសាលាបឋមសិក្សាចៅពញាហុក ដោយមានប្រតិភូ គ្រូបង្វឹក និងអត្តពលិកទាំងជាតិ និងអន្តរជាតិ សរុបចំនួន ១៩៦នាក់ មកពីប្រទេសចំនួន៥ ចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ឡាវ ឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលត្រូវប្រកួតប្រជែងលើ ១៣វិញ្ញាសាខុសៗគ្នា៕