របត់ថ្មី EV! Mercedes-AMG ត្រៀមបំពាក់បច្ចេកវិទ្យាអាណូតស៊ីលីកូន (Silicon Anode) ក្រោមការផលិតយ៉ាងស្មុកស្មាញ និងទំនើបហួសពីការស្មាន

27-05-2026 11:07

(បរទេស)៖ បច្ចុប្បន្នឧស្សាហកម្មយានយន្តអគ្គិសនី (EV) លើសកលលោក កំពុងឈានចូលដល់របត់ថ្មីមួយទៀត នឹងកំពុងឆ្លងផុតពីដែនកំណត់នៃបច្ចេកវិទ្យាចាស់ បន្ទាប់ពីក្រុមហ៊ុន Mercedes-AMG បានលាតត្រដាងជាផ្លូវការនូវគំនិតច្នៃប្រឌិតនៃប្រព័ន្ធចលករ (Drivetrain Concept) សម្រាប់កំពូលរថយន្តស្ព័រអគ្គិសនីម៉ូឌែល Mercedes-AMG GT 4-Door Coupe នឹងក្លាយជារថយន្តដំបូងគេបង្អស់នៅក្នុងវិស័យផលិតយានយន្ត ដែលនឹងទទួលបានការបំពាក់បច្ចេកវិទ្យាទ្រទ្រង់អាគុយដ៏ទំនើបបំផុតគឺ (Silicon Anode) (អាណូតធ្វើពីស៊ីលីកូន)។

យោងតាមប្រភពព័ត៌មានបច្ចេកវិទ្យាយានយន្តបានឱ្យដឹងថា អាគុយជំនាន់ថ្មីនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់ដោយការយកសារធាតុស៊ីលីកូន (Silicon) មកជំនួស ឬលាយបញ្ចូលគ្នាដើម្បីជម្រុញសមត្ថភាពរបស់អាណូតក្រាហ្វិច (Traditional Graphite Anode) ជំនាន់ចាស់។ ដោយសារតែស៊ីលីកូន (Silicon) មានសមត្ថភាពអាចផ្ទុកភាគល្អិតលីចូមអីយ៉ុង (Lithium-ion) បានច្រើនជាងក្រាហ្វិច (Graphite Anode) រហូតដល់ទៅជិត ១០ដង ក្នុងទម្ងន់ស្មើគ្នា ហើយវាបានធ្វើឱ្យកញ្ចប់អាគុយថ្មីនេះមានដង់ស៊ីតេថាមពល ឈានដល់កម្រិតខ្ពស់បំផុត ដែលអាចផ្ទុកភ្លើងបានច្រើន ក្នុងទំហំថាមពលថ្ម និងទម្ងន់កាន់តែតូចស្រាល។

ចំណុចដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ សមត្ថភាពនៃការសាកភ្លើងល្បឿនលឿន ប្រព័ន្ធភ្លើងតង់ស្យុងខ្ពស់ដែលតភ្ជាប់ដោយរបារចម្លងចរន្ត (Bus bars) នៅក្នុងរថយន្ត Mercedes-AMG GT ជំនាន់ថ្មីនេះ អាចទ្រទ្រង់កម្លាំងសាកបានរហូតដល់ទៅ 600 kW (Charging Power) ថាមពលសាកដ៏មហិមានេះ អនុញ្ញាតឱ្យរថយន្ត អាចសាកថ្មពី 10% ទៅ 80% ដោយប្រើប្រាស់ពេលវេលាត្រឹមតែ ១១នាទីប៉ុណ្ណោះ ដែលល្បឿននេះបានបំបែកកំណត់ត្រាចាស់ៗ និងលុបបំបាត់ក្តីបារម្ភរឿងរង់ចាំការសាកភ្លើងយូរ។

ក្រៅពីប្រព័ន្ធអាគុយ និងល្បឿនសាកដ៏អស្ចារ្យ រចនាសម្ព័ន្ធប្រព័ន្ធចលករដែលបានគ្រោងបង្កើតនេះ ក៏បានបង្ហាញពីការបំពាក់ម៉ូទ័រអគ្គិសនីសមត្ថភាពខ្ពស់រហូតដល់ទៅ ៣​គ្រាប់ រួមមានម៉ូទ័រទោលនៅខាងមុខ (Front Single) និងម៉ូទ័រភ្លោះនៅផ្នែកខាងក្រោយ (Rear Twin)។

ការប្រើប្រាស់ម៉ូទ័រភ្លោះនៅខាងក្រោយនេះ គឺអាចជួយឱ្យរថយន្តអាចបែងចែកកម្លាំងទៅកាន់កង់ឆ្វេងនិងស្តាំដាច់ដោយឡែកពីគ្នាបានយ៉ាងឆ្លាតវៃ (Torque Vectoring) ដើម្បីធានាបាននូវលំនឹងខ្ពស់បំផុត និងការបត់បែនប្រកបដោយសុវត្ថិភាពទោះបីជាស្ថិតក្នុងល្បឿនលឿនក៏ដោយ។

បន្ថែមលើនេះ វិស្វកររបស់ Mercedes-AMG ក៏បានដោះស្រាយបញ្ហាលំហរខាងក្នុងសម្រាប់រថយន្តស្ព័ររាងទាប (Low-slung) មួយនេះ តាមរយៈការរចនាបាតអាគុយពិសេសដែលហៅថា Footgarage ។ ដោយការរចនានេះ ផ្តល់កន្លែងទំនេរឱ្យអ្នកដំណើរនៅកៅអីជួរក្រោយ អាចដាក់ជើងបានជ្រៅ និងមានផាសុកភាព ដោយមិនចាំបាច់ដំឡើងកម្ពស់ដំបូលរថយន្ត ដែលនាំឱ្យខូចទ្រង់ទ្រាយនៃកម្លាំងការកកិតខ្យល់អាកាសឌីណាមិក (Aerodynamics) នោះឡើយ។

ការឈានចូលមកដល់នៃបច្ចេកវិទ្យាអាគុយ Silicon Anode នៅលើកំពូលរថយន្ត Mercedes-AMG GT នេះ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា មិនត្រឹមតែជាការបង្ហាញសាច់ដុំបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះនោះទេ ប៉ុន្តែវានឹងក្លាយជាកត្តាដ៏សំខាន់ក្នុងការរុញច្រានឱ្យឧស្សាហកម្មយានយន្ត EV ទាំងមូល ឈានទៅរកការផ្លាស់ប្តូរស្ដង់ដារអាគុយថ្មីនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

សូមជម្រាបផងថា Silicon Anode គឺជាវត្ថុធាតុដើមប៉ូលអវិជ្ជមាន (ប៉ូលដក) ដ៏ទំនើបមួយ ដែលត្រូវបានបង្កើតឡើងដើម្បីជំនួស ឬជួយបង្កើនសមត្ថភាពរបស់អាណូតក្រាហ្វិច (Graphite Anodes) សេរីចាស់ នៅក្នុងអាគុយលីចូមអីយ៉ុង (Lithium-ion batteries)»។ ស៊ីលីកូន (Silicon) ត្រូវបានគេរកឃើញថា មានសមត្ថភាពអាចស្រូប និងផ្ទុកភាគល្អិតលីចូមអីយ៉ុងបានច្រើនជាងក្រាហ្វិចរហូតដល់ទៅជិត ១០ដងក្នុងបរិមាណទម្ងន់ស្មើគ្នា និងខ្លាំងជាងមុន៕