ក្រុមហ៊ុន Starlink និង Amazon  អាចមានឱកាសទិញសិទ្ធិប្រើប្រាស់ រលកសញ្ញាផ្កាយរណបចល័តរបស់សហភាពអឺរ៉ុប

27-05-2026 12:45

(បរទេស)៖ តាមប្រភពព័ត៌មានពីមនុស្សចំនួនពីរនាក់ដែលមានចំណេះដឹងផ្ទាល់លើរឿងផ្កាយរណប បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុន Starlink របស់កំពូលមហាសេដ្ឋី Elon Musk និងអាជីវកម្មផ្កាយរណបគោចរកម្រិតទាប (LEO) របស់ក្រុមហ៊ុន Amazon អាចនឹងទទួលបានសិទ្ធិប្រើប្រាស់រលកសញ្ញាផ្កាយរណបចល័តមួយចំនួនរបស់អឺរ៉ុបនៅឆ្នាំក្រោយ។ ប៉ុន្តែពួកគេបានបញ្ជាក់ថា ពីរភាគបីនៃរលកសញ្ញាផ្កាយរណប ដែលអនុញ្ញាតឱ្យឧបករណ៍ចល័ត និងយានយន្តអាចទាក់ទងគ្នាបានយ៉ាងរលូន សូម្បីតែនៅក្នុងតំបន់ដាច់ស្រយាលក៏ដោយ នឹងត្រូវរក្សាទុកសម្រាប់តែក្រុមហ៊ុនអឺរ៉ុបប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្រុមហ៊ុនអាមេរិក Viasat និង EchoStar កំពុងកាន់កាប់អាជ្ញាប័ណ្ណដែលត្រូវផុតកំណត់នៅខែឧសភា ឆ្នាំ២០២៧ ហើយគណៈកម្មការអឺរ៉ុបបាននិងកំពុងពិចារណាពីរបៀបបែងចែករលកសញ្ញានៅពេលអនាគត ខណៈពេលដែលប្លុកនេះកំពុងជំរុញឱ្យកាត់បន្ថយការពឹកផ្អែកលើបច្ចេកវិទ្យារបស់អាមេរិក។ ប្រភពដដែលបានឱ្យដឹងថា បណ្តាញផ្កាយរណបពហុគន្លង IRIS2 ចំនួន២៩០គ្រឿងរបស់សហភាពអឺរ៉ុប ដែលជាការឆ្លើយតបទៅនឹងក្រុមហ៊ុន Starlink នឹងស្ថិតក្នុងចំណោមក្រុមហ៊ុនអឺរ៉ុបដែលទទួលបានរលកសញ្ញាមួយចំនួននោះ។ ពួកគេបានបន្ថែមថា ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស និងន័រវែស ក៏អាចចូលរួមដេញថ្លៃយកអាជ្ញាប័ណ្ណនេះបានផងដែរ។

ប្រភពមួយបាននិយាយថា ព័ត៌មានលម្អិតនៃសំណើនេះ ដែលគ្រោងនឹងប្រកាសនៅថ្ងៃពុធ អាចនឹងនៅតែមានការផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំនៃបណ្តាស្នងការ (Commissioners) នៅថ្ងៃនោះ។ ប្រភពរូបនោះបានបន្តថា ការទទូចរបស់អ្នកស្នងការម្នាក់ ដែលចង់ឱ្យរក្សាទុករលកសញ្ញាទាំងអស់ទាំងស្រុងសម្រាប់តែអាជីវកម្មអឺរ៉ុប បានធ្វើឱ្យពួកគេមានទស្សនៈមិនចុះសម្រុងគ្នាជាមួយប្រធានផ្នែកបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប លោកស្រី Henna Virkkunen ដែលមិនចង់ផាត់ចេញក្រុមហ៊ុនណាមួយឡើយ។ លោកស្រី Virkkunen ទំនងជានឹងឈ្នះនៅក្នុងការជជែកដេញដោលនេះ។

នៅពេលស្នើសុំការអត្ថាធិប្បាយកាលពីថ្ងៃអង្គារ អ្នកនាំពាក្យគណៈកម្មការ លោក Thomas Regnier បានមានប្រសាសន៍ថា ការតភ្ជាប់ផ្កាយរណបទូទាំងសហភាពអឺរ៉ុប គឺ «មានន័យស្មើនឹងភាពធន់ សន្តិសុខ និងសមត្ថភាព» ដោយពិនិត្យទៅលើបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។ ការតភ្ជាប់តាមប្រព័ន្ធផ្កាយរណប គឺជាចំណែកដ៏សំខាន់នៃអធិបតេយ្យភាពបច្ចេកវិទ្យា សន្តិសុខ និងការការពារជាតិរបស់យើង ដូចដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈគម្រោង IRIS2 នេះស្រាប់»