សហព័ន្ធយានយន្ដ រៀបចំព្រឹត្តិការណ៍បង្ហាញបច្ចេកទេសពិសេស អបអរពិធីសម្ពោធស្ដូបនយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង
27-05-2026 12:49
(ភ្នំពេញ)៖ សហព័ន្ធកីឡាយានយន្តកម្ពុជា បានប្រកាសរៀបចំកម្មវិធីការបង្ហាញបច្ចេកទេសយានយន្តដ៏ទាក់ទាញបំផុត ដែលមានឈ្មោះថា Blackhawk Tire Trip Show រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង។
លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានឲ្យដឹងថា សហព័ន្ធតែងតែជំរុញផ្សព្វផ្សាយវិស័យកីឡាយានយន្តមានដំណើរការអភិវឌ្ឍន៍កាន់តែល្អប្រសើរ ជាក់ស្តែងនៅក្នុងទីលានហ្វឹកហាត់ នៃពហុកីឡដ្ឋានជាតិមរតកតេ ជោ តែងតែមានកីឡាករចូលរួមហាត់សមបច្ចេកទេស ដើម្បីបង្កើនស្នាដៃកីឡាករខ្មែរ ក៏ដូចជាត្រៀមចូលរួមបង្ហាញបច្ចេកទេស ក្នុងពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង ដោយសហព័ន្ធបានត្រៀមរថយន្ដ ៤គ្រឿង និងមានកីឡាករមួយចំនួនទៀត នឹងចូលរួមព្រឹត្តិការណ៍នេះ។
លោកសង្កត់ធ្ងន់ថា «ការចូលរួមបង្ហាញបច្ចេកទេសកីឡាយានយន្ត ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធស្តួបឈ្នះឈ្នះ នៅខេត្តកោះកុង គឺជាមោទនភាពជាតិរបស់យើងទាំងអស់គ្នា ដោយពិធីសម្ពោធជាផ្លូវការគ្រោងនឹងធ្វើឡើង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ក្រុមកីឡាយានយន្តគ្រោងនឹងធ្វើដំណើរកម្សាន្តពីវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ ឆ្ពោះទៅស្តូបឈ្នះឈ្នះ នៅខេត្តកោះកុង ហើយក៏មានកម្មវិធីបង្ហាញជាច្រើនទៀតនៅខេត្តកោះកុងផ្ទាល់តែម្ដង»។
បន្ថែមលើនេះលោក ទៀ ស្យាម ក៏បានលើកឡើង ជុំវិញវិស័យកីឡាយានយន្ដកម្ពុជា ដោយសារប្រទេសជាតិមានបញ្ហាព្រំដែន ធ្វើឲ្យវិស័យកីឡាមួយនេះ មិនសូវមានសកម្មភាព ខណៈការប្រកួតអន្ដរជាតិ នៅក្រៅប្រទេសក៏ត្រូវបានលុបចោល។ យ៉ាងណាឆ្នាំ២០២៦ នេះ សហព័ន្ធបានចាប់ផ្តើមស្តារសកម្មភាពកីឡាយានយន្តខ្លះៗឡើងវិញ ជាពិសេសពីព្រឹត្តិការណ៍កីឡាយានយន្ត រយៈពេល ៥ថ្ងៃ នៅខេត្តកោះកុងជាដើម គឺជាដំណើរការស្តារវិស័យកីឡាយានយន្តឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍជំនាញកីឡាមួយនេះឱ្យមានភាពល្អប្រសើរឡើង រួមជាមួយគម្រោងរៀបចំព្រឹត្តិការណ៍មួយចំនួនទៀត។
លើសពីនេះ ក្នុងនាមសហព័ន្ធលោកក៏បានអំពាវនាវដល់មហាជន យុវជន ដែលចង់ប្រណាំងយានយន្ត ប្រណាំងម៉ូតូ ឬការបង្ហាញបច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹងវិស័យកីឡាយានយន្ត ត្រូវតែចូលមកលើទីលានដែលបានកំណត់តាមគោលការណ៍កីឡាច្បាស់លាស់ ដោយត្រូវជៀសវាងដាច់ខាត កុំលេងកីឡាយានយន្តនៅតាមដងផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ច្បាប់ជាតិ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរផ្សេងៗទៀត។ ជារួមបើចង់ហ្វឹកហាត់សម លេង ឬសម្តែងយានយន្ត ត្រូវមកលេងនៅទីលានកីឡា ដែលសហព័ន្ធមានគ្រូបង្វឹក អ្នកជំនាញច្បាស់លាស់ ក្នុងការបង្ហាត់បង្រៀនដោយក្តីរីករាយ៕








