កុងហ្គោ ស្នើសុំដកលុយសំបុត្រ World Cup 2026 វិញ បន្ទាប់ពីប្រទេសស្ថិតនៅអាហ្រ្វិកនេះ ផ្ទុះជំងឺអេបូឡា

27-05-2026 13:41

(បរទេស)៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានដាក់សំណើទៅកាន់សហព័ន្ធបាល់ទាត់ FIFA ដើម្បី សុំដកលុយថ្លៃទិញសំបុត្រទស្សនា World Cup 2026 ក្រោយពេលប្រទេសស្ថិតនៅទ្វីបអាហ្រ្វិកមួយនេះ បានកំពុងផ្ទុះជំងឺអេបូឡា ដែលមិនអាចធ្វើដំណើរចូលសហរដ្ឋអាមេរិកបាន។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា បណ្តាក្រុមអ្នកគាំទ្រនៅតំបន់អាហ្រ្វិក ជាពិសេសកុងហ្គោតែម្តង នឹងត្រូវរឹតត្បិតក្នុងការចូលទស្សនា World Cup ជំនាន់ទី២៣ ក្នុងទឹកដីសហរដ្ឋអាមេរិក ក្រោយផ្ទុះវីរុស Ebola នាពេលថ្មីៗនេះ។

ពួកគេបានវិលត្រឡប់ទៅកាន់កម្មវិធីបាល់ទាត់កម្រិតពិភពលោកជាថ្មី និងជាលើកដំបូងផងដែរគិតចាប់តាំងពីឆ្នាំ ១៩៧៤ ក៏ប៉ុន្តែអង្គការសុខភាពពិភពលោក WHO បានធ្វើការព្រមាន និងរឹតបន្តឹងចំពោះអ្នកគាំទ្ររបស់កុងហ្គោ ដើម្បីចូលទឹកដីសហរដ្ឋអាមេរិក ជាទីដែលធ្វើម្ចាស់ផ្ទះ World Cup 2026 ជាមួយមិចស៊ិក និងកាណាដា ក៏ព្រោះបារម្ភរឿងរីករាលដាលនៃជំងឺអេបូឡា។

មន្រ្តី WHO ធ្លាប់បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ វីរុសអេបូឡា ត្រូវបានរកឃើញជាង ៩០០ករណីនៅទូទាំង ទ្វីបអាហ្រ្វិក និងមានមនុស្សប្រមាណ ២២៣នាក់ សង្ស័យបានស្លាប់ គិតចាប់ពីរីករាលដាលកន្លងមក។

ទោះជាយ៉ាងណា នៅក្នុងចម្លើយទៅកាន់ Fecofa របស់ FIFA បានថ្លែងប្រាប់ BBC ថា «នឹងពិនិត្យទៅលើលទ្ធភាពជាក់ស្តែងសិន»

កុងហ្គោ ត្រូវប្រឈមមុខនឹងក្រុមខ្លាំងបច្ចខែលព័រទុយហ្គាល់នៅថ្ងៃបើកឆាកពូល K នាថ្ងៃទី១៧ ខែមិថុនា ក្នុងយុទ្ធនាការ World Cup 2026 របស់ពួកគេដែលធ្វើឡើងនៅអាមេរិក មុនប៉ះកូឡុំប៊ីនៅប្រទេសមិចស៊ិក និងប្រកួតទី៣ ចុងក្រោយក្នុងពូលដដែល ត្រូវត្រឡប់មកអាមេរិកវិញ ដើម្បីជួបអ៊ូសបេគីស្ថាន៕