ក្រុមហ៊ុន ទឹកពិសាវីតាល់ បន្តសកម្មភាពមនុស្សធម៌ ដោយការផ្តល់សម្ភារបរិក្ខារពេទ្យជាច្រើន ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម
27-05-2026 14:37
(ភ្នំពេញ)៖ ពិធីប្រគល់-ទទួលសម្ភារបរិក្ខារពេទ្យ ពីក្រុមហ៊ុនទឹកពិសាវីតាល់ ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមខាងលើនេះ រៀបចំដោយក្រុមហ៊ុន ទឹកពិសាវីតាល់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រាជធានីភ្នំពេញ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងលោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប (ទឹកពិសាវីតាល់) និងមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ មជ្ឈមណ្ឌលជាតិផ្តល់ឈាម, អ្នកផលិតមាតិកា, ដៃគូសារព័ត៌មាន, និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
បើតាមប្រសាសន៍ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (ទឹកពិសាវីតាល់) ពិធីប្រគល់-ទទួល សម្ភារបរិក្ខារពេទ្យនាពេលនេះ ធ្វើឡើងក្រោមបុព្វហេតុ និងស្មារតី លើកតម្កើងគុណវុឌ្ឍិ នៃចលនាបរិច្ចាគឈាម ពីសប្បុរសជនដោយស្ម័គ្រចិត្ត ជាពិសេសការចូលរួមគាំទ្រវិស័យសុខាភិបាល ក្នុងក្របខណ្ឌយុទ្ធនាការបរិច្ចាគឈាម សំដៅជួយសង្រ្គោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។
ជាងនេះទៅទៀត លោកស្រី សង្ឃឹមថា សម្ភារបរិក្ខារពេទ្យដែលផ្តល់ជូននេះ មិនត្រឹមតែជួយសម្រួលការងារ របស់ក្រុមគ្រូពេទ្យចល័ត នៅតាមបណ្ដាទីតាំង និងខេត្តនានា ប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ដល់កម្លាំងចិត្ត និងការគាំទ្រ ដល់ក្រុមគ្រូពេទ្យ ក្នុងការបន្តបេសកកម្ម សង្គ្រោះជីវិត ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកស្រី ជឹង សុគន្ធាវី ក៏បានថ្លែងអំណរគុណ ដល់វេជ្ជបណ្ឌិត សុខ ប៉ូ និងសហការី ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមគ្រប់ជំនាន់ តែងតែផ្តល់ការអនុញ្ញាតដល់ វីតាល់ ក្នុងនាមវិស័យឯកជន ចូលរួមបេសកកម្មមនុស្សធម៌មួយនេះ អស់រយៈពេលជាង១ទសវត្ស ចាប់តាំងពីថ្ងៃវីតាល់ ឈានជើងចូលទីផ្សារបាន១ឆ្នាំ ពោល គឺពី២០១១ ហើយបើគិតមកទល់ពេលនេះ មានរយ:ពេល១៥ឆ្នាំហើយ ។ ទោះបីយ៉ាងនេះក្តី វីតាល់ នៅតែបន្តពង្រឹង កិច្ចសហប្រតិបត្តិនេះ ប្រកបដោយបរិយាប័ន្ន ស្របតាមចក្ខុវិស័យរួមរបស់ស្ថាប័នទាំងពីរ។
នាឱកាសនោះផងដែរ លោកស្រី ជឹង សុគន្ធាវី បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ ដៃគូពាណិជ្ជកម្ម អតិថិជនរបស់វីតាល់ និងប្រជាពលរដ្ឋខ្មែរ បានផ្តល់ភាពជឿជាក់ និងគាំទ្រ វីតាល់បន្តបេសកកម្ម ជាបន្តបន្ទាប់។ ជាក់ស្ដែង ថ្ងៃនេះ សមិទ្ធផលថ្មីបន្ថែមទៀតពី «មូលនិធិ ២៥រៀល» នឹងផ្ដល់ជូនសម្ភារបរិក្ខារពេទ្យចាំបាច់ រួមមាន គ្រែពេទ្យចំនួន ១០០គ្រែ, ឯកសណ្ឋានបុគ្គលិក, ភួយ, កូនបាល់, កៅអីអង្គុយសាធារណៈ និងទឹកពិសាវីតាល់សម្រាប់ប្រតិបត្តិការ ជារៀងរាល់ថ្ងៃរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ។
ស្របគ្នានេះផង លោកវេជ្ជបណ្ឌិត សុខប៉ូ ចាត់ទុកសកម្មភាព របស់វីតាល់ មិនគ្រាន់តែជាការផ្តល់ ជូននូវសម្ភាររូបវន្ត ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ការតភ្ជាប់ខ្សែចង្វាក់ នៃស្មារតីសាមគ្គីភាពជាតិ» ឆ្លើយតបទៅនឹងការអំពាវនាវ របស់លោកជំទាវទី១ ព្រមទាំងជាការបង្កើនសមត្ថភាព និងល្បឿន ក្នុងការបម្រើសេវាផ្ដល់ឈាម ជួយសម្រាលការ នឿយហត់ របស់គ្រូពេទ្យ និងផ្តល់ផាសុកភាពខ្ពស់ដល់អ្នកបរិច្ចាគឈាម ហើយថា គ្រែបូមឈាមទាំងនេះ នឹងក្លាយជាឧបករណ៍បន្តជីវិតដ៏មានតម្លៃ ក្នុងបេសកកម្មមនុស្សធម៌ជួយដល់អ្នកជំងឺ និងវីរកងទ័ពយើង។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកវេជ្ជបណ្ឌិត សុខប៉ូ តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ និងសន្យាថា នឹងចាត់ចែងប្រើប្រាស់ និងថែរក្សាសម្ភារបរិក្ខារពេទ្យទាំងនេះ ឱ្យចំគោលដៅ មានប្រសិទ្ធភាព និងតម្លា ភាពខ្ពស់បំផុត ដើម្បីជាប្រយោជន៍ដល់សាធារណជន។
គួរបញ្ជាក់ដែរថា វីតាល់ ជាក្រុមហ៊ុនទឹកពិសា ដែលមានមូលនិធិ ២៥រៀល ជានិច្ចកាល បន្តរក្សាមូលដ្ឋាន នៃការប្រើប្រាស់មូលធនដល់ការ ចូលរួមលើកិច្ចការងារ សុខុមាលភាពសង្គម នៃវិស័យសុខាភិបាល ។ រាល់ការជាវ ទឹកពិសាវីតាល់ ១ដប លោកអ្នកបានចូលរួមចំណែកបរិច្ចាគចំនួន២៥រៀល ទៅក្នុងកិច្ចការសង្គមនានា។
វីតាល់ ជាផលិតផលទឹកពិសាក្នុងស្រុក ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធទឹក ១២ ដំណាក់កាល យ៉ាងទំនើបដោយបច្ចេកវិទ្យា ពីសហគមន៍អ៊ឺរ៉ុបមានប្រទេសអាឡឺម៉ង់ អ៊ីតាលី ធានាបាននូវគុណភាពខ្ពស់ ហើយក៏ជាជម្រើសដ៏ស័ក្កិសមសម្រាប់ ម្តាយ និងទារកទាំងអស់ ក្នុងការទទួលទានទឹកស្អាត សម្រាប់សុខភាពប្រចាំថ្ងៃ។
ថ្មីៗនេះ វីតាល់ ត្រូវបានទទួលស្គាល់ជាសកល ជាផលិតផលទឹកពិសាមានគុណភាពខ្ពស់ និងសុវត្ថិភាពខ្ពស់បញ្ជាក់ ដោយស្ថាប័នវាយតម្លៃគុណភាពម្ហូបអាហារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអ៊ឺរ៉ុប បន្ថែមពីលើការទទួលស្គាល់លើគុណភាពផ្សេងៗទៀតកន្លងមក ដូចជា វិញ្ញាបនបត្រពីចក្រភពអង់គ្លេស, ពានរង្វាន់គុណភាពពិភពលោក និងស្តង់ដាកម្ពុជា។ វីតាល់ មោទនភាព ផលិតផលជាតិ៕



























