Apple និង Google ព្រមានកាណាដារឿងច្បាប់ថ្មី៖ «បើបង្ខំឱ្យលួចមើលទិន្នន័យអ្នកប្រើប្រាស់ នឹងមានរឿង»
27-05-2026 15:17
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Google កំពុងរុញច្រានយ៉ាងខ្លាំងឱ្យមានការកែសម្រួលសេចក្តីព្រាងច្បាប់សុវត្ថិភាពអនឡាញ (Bill C-22) របស់ប្រទេសកាណាដា ដោយទាមទារឱ្យមានការដាក់បញ្ចូលនូវការត្រួតពិនិត្យពីប្រព័ន្ធតុលាការជាដាច់ខាត។ ការព្រួយបារម្ភនេះបានកើតឡើង បន្ទាប់ពីច្បាប់ថ្មីនេះបើកផ្លូវឱ្យអាជ្ញាធរអាចចេញ «បញ្ជាសម្ងាត់» បង្ខំឱ្យក្រុមហ៊ុននានាបំបែកប្រព័ន្ធកូដនីយកម្ម (Encryption) ឬបង្កើតច្រកទ្វារក្រោយ (Backdoor) ដើម្បីលួចចូលមើលទិន្នន័យ និងឧបករណ៍របស់អ្នកប្រើប្រាស់ ដោយមិនឱ្យសាធារណជនដឹងឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
ខណៈដែលរដ្ឋាភិបាលកាណាដាអះអាងថា វិធានការនេះធ្វើឡើងក្នុងគោលបំណងងាយស្រួលស៊ើបអង្កេត និងទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខជាតិបានទាន់ពេលវេលា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមទាំង Meta ផង បានចេញមុខប្រឆាំងយ៉ាងដាច់អហង្ការ។ ជុំវិញបញ្ហានេះ កញ្ញា Jeanette Patell នាយកផ្នែកកិច្ចការរដ្ឋាភិបាលរបស់ Google ប្រចាំកាណាដា បានព្រមានចំៗថា៖ «បញ្ជាសម្ងាត់ គឺជារឿងដែលមិនដើរទន្ទឹមគ្នាជាមួយនឹងបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀតឡើយ ហើយវានឹងរឹតត្បិតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ក្រុមហ៊ុននានា ក្នុងការរក្សាតម្លាភាពជាមួយអ្នកប្រើប្រាស់ អំពីរបៀបដែលទិន្នន័យរបស់ពួកគេត្រូវបានការពារ»។
យ៉ាងណាមិញ ក្តីបារម្ភរបស់ក្រុមហ៊ុនយក្សទាំងនេះមិនមែនជារឿងបំផ្លើសឡើយ ព្រោះកាលពីឆ្នាំមុន Apple ធ្លាប់ត្រូវបានចក្រភពអង់គ្លេសបង្ខំឱ្យបំបែកប្រព័ន្ធសុវត្ថិភាពតាមរយៈបញ្ជាសម្ងាត់បែបនេះម្តងរួចមកហើយ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តដកមុខងារចម្លងទុកទិន្នន័យលើក្លោដ (Cloud Backup) ចេញពីប្រទេសនោះភ្លាមៗ។ នៅពេលសមាជិកសភាកាណាដា លោក Frank Caputo ដេញដោលសួរថា តើ Apple នឹងចាកចេញពីកាណាដាដែរឬទេ ប្រសិនបើត្រូវបង្ខំឱ្យធ្វើរឿងនេះ? លោក Erik Neuenschwander នាយកជាន់ខ្ពស់ផ្នែកឯកជនភាពរបស់ Apple មិនបានបដិសេធឡើយ ដោយលោកបានឆ្លើយតបយ៉ាងមានន័យថា៖ «ខ្ញុំមិនអាចធ្វើការសន្និដ្ឋានជាមុនថានឹងមានអ្វីកើតឡើងក្នុងស្ថានភាពនោះទេ ប៉ុន្តែតាមរយៈការចូលរួម និងកិច្ចសន្ទនាជាបន្តបន្ទាប់នេះ យើងសង្ឃឹមថានឹងមានការកែប្រែជាវិជ្ជមានចំពោះសេចក្តីព្រាងច្បាប់នេះ»៕










