Samsung គ្រោងបោះទុន ១,៥ពាន់លានដុល្លារ បង្កើតរោងចក្រតេស្តបន្ទះឈីបដំបូងគេនៅវៀតណាម ដើម្បីដោះស្រាយវិបត្តិខ្វះខាតសកល

28-05-2026 09:34

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung គ្រោងនឹងវិនិយោគទឹកប្រាក់ប្រហែល ១,៥ ពាន់លានដុល្លារអាមេរិក (ប្រមាណ ៣៩ ទ្រីលានដុង) ដើម្បីសាងសង់រោងចក្រសាកល្បង ឬតេស្តបន្ទះឈីបពាក់កណ្តាលសម្រេច (Semiconductor Testing Plant) មួយនៅក្នុងប្រទេសវៀតណាម។ យោងតាមឯកសារសំណើដែលត្រូវបានទម្លាយ និងពិនិត្យដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញថា រោងចក្រនេះបានចាប់ផ្តើមការដ្ឋានសាងសង់បណ្តើរៗហើយ នៅភាគខាងជើងទីក្រុងហាណូយ និងគ្រោងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៧ ខាងមុខ។

ការសម្រេចចិត្តពង្រីកខ្លួនដ៏ធំនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលវិបត្តិខ្វះខាតបន្ទះឈីបចងចាំ (Memory Chips) នៅទូទាំងសកលលោក ដែលកំពុងរងសម្ពាធយ៉ាងខ្លាំងពីការកើនឡើងយ៉ាងគំហុកនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ រោងចក្រដំបូងបង្អស់របស់ Samsung ប្រភេទនេះនៅវៀតណាម នឹងផ្តោតលើការផលិតបន្ទះឈីបជំនាន់មុន (Legacy Chips) សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារឧបករណ៍អេឡិចត្រូនិចដូចជា ស្មាតហ្វូន កុំព្យូទ័រ និងរថយន្ត ដែលកំពុងជួបវិបត្តិខ្វះខាតគ្រឿងបង្គុំ ដោយសារក្រុមហ៊ុនផលិតធំៗបានបង្វែរកម្លាំងផលិតទៅលើឈីប AI ជំនាន់ថ្មីអស់។

ទោះបីជាខាងក្រុមហ៊ុន Samsung និងអាជ្ញាធរវៀតណាមមិនទាន់ចេញមុខផ្តល់ការអត្ថាធិប្បាយជាផ្លូវការក៏ដោយ ប៉ុន្តែសកម្មភាពនៅលើការដ្ឋានពិតជាកំពុងមមាញឹកខ្លាំង។ យោងតាមប្រភពជិតដិតមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា៖ «វិស្វករ និងបុគ្គលិករបស់ Samsung ជាង ២០០ នាក់ បានចុះធ្វើការនៅលើទីតាំងគម្រោងនេះយ៉ាងហោចណាស់ចាប់តាំងពីខែមេសាមកម្ល៉េះ»។ ស្របពេលជាមួយគ្នានេះ ក្រុមអ្នកយកព័ត៌មានបានបញ្ជាក់ដែរថា ពួកគេបានសង្កេតឃើញគ្រឿងចក្រសំណង់ធុនធ្ងន់ និងកម្មករជាច្រើននាក់កំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំនៅទីតាំងនោះ។

គួរជម្រាបថា គម្រោងថ្មីនេះនឹងជួយពង្រឹងឋានៈរបស់ប្រទេសវៀតណាមក្នុងការក្លាយជា «មជ្ឈមណ្ឌលចុងក្រោយនៃខ្សែច្រវាក់ផលិតកម្មឈីបសកល (Major Chip Back-End Hub)» ដែលបច្ចុប្បន្នកំពុងមានក្រុមហ៊ុនពហុជាតិធំៗដូចជា Intel និង Amkor ឈរជើងរួចជាស្រេច។ លើសពីនេះ ឯកសារសំណើដដែលបានទម្លាយបន្ថែមថា Samsung មានផែនការយកប្រាក់ចំណេញពីគម្រោងនេះទៅវិនិយោគឡើងវិញរហូតដល់ ២,៥ ពាន់លានដុល្លារ សម្រាប់លទ្ធភាពបង្កើតរោងចក្រទីពីរបន្ថែមទៀតនាពេលអនាគត៕