Crystal ជាក្រុមទី២ របស់អង់គ្លេស ដណ្តើមបានជើងឯកអឺរ៉ុបរដូវកាលនេះ រង់ចាំតែ Arsenal ប៉ះ PSG ទៀតប៉ុណ្ណោះ
28-05-2026 09:42
(បរទេស)៖ ក្រុមបាល់ទាត់ឥន្រ្ទីត្រដាងស្លាប Crystal Palace បានឈ្នះជើងឯកពានលំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League រដូវកាលឆ្នាំ២០២៥-២៦ បន្ទាប់ពី Aston Villa ឈ្នះជើងឯកពានលំដាប់ទី២ ក្នុងនាមជាក្រុមរបស់អង់គ្លេសដូចគ្នា។
ទោះជាយ៉ាងណា កាំភ្លើងធំ Arsenal ដែលជាជើងឯកលីគ Premier League រដូវកាលនេះ ត្រូវប្រជែងជើងឯកពាន លំដាប់កំពូលអឺរ៉ុប UEFA Champions League 2025-26 ដែលនឹងធ្វើឡើងនារាត្រីឆ្លងចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។
ខ្សែប្រយុទ្ធអន្តរជាតិបារាំង Jean-Philippe Mateta ជាអ្នករកបានគ្រាប់ជ័យជម្នះតែ ១គ្រាប់សម្រាប់ក្រុម Crystal នៅនាទី៥១ ក្នុងកីឡដ្ឋាន Red Bull Arena នៃវគ្គទី២ ក្នុងទីក្រុង Leipzig របស់អាល្លឺម៉ង់កាលផ្តាច់ព្រ័ត្រយប់មិញទល់នឹង Rayo Vallecano មកពីអេស្ប៉ាញ។
ឆ្លងតាមជ័យជម្នះពានទី៣ លំដាប់អឺរ៉ុបនេះដែរ Crystal នឹងមានកៅអី១ ដើម្បីលេងវគ្គ League Phase ពានលំដាប់ទី២ UEFA Europa League ដូចនឹង Aston ដែររដូវកាលក្រោយ ដ្បិតពួកគេបញ្ចប់ក្នុងតំណែងលេខ១៥ ក្នុងលីគអង់គ្លេសរដូវកាលនេះ។
លោក Oliver Glasner បានដឹកនាំ Crystal ដណ្តើមបានជើងឯកពាន FA Cup, FA Community Shield និងចុងក្រោយពានធំ Conference League ក្នុងរយៈពេលតែ ២ឆ្នាំកន្លះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គ្រូបង្វឹកសញ្ជាតិ អូទ្រីសរូបនេះ៕




