បឹងកេត ត្រៀមផ្លាស់ប្ដូរទ្រង់ទ្រាយធំ ក្រោយជួបលទ្ធផលខកចិត្តជាច្រើនរដូវកាល
28-05-2026 10:44
(ភ្នំពេញ)៖ ក្លិបបាល់ទាត់បឹងកេត ត្រៀមផែនការផ្លាស់ប្ដូរ និងរុះរើក្រុមទ្រង់ទ្រាយធំ ទាំងក្រុមការងារគ្រូ និងកីឡាករ ដើម្បីស្ដារមុខមាត់ឡើងវិញ បន្ទាប់ពីក្លិបទទួលបានលទ្ធផលមិនសមប្រកបផ្ទួនៗ ក្នុងប៉ុន្មាន ២-៣រដូវកាលចុងក្រោយ។ នេះបើតាមការបង្ហើបរបស់លោក បែ មករា អគ្គលេខាធិការ។
ក្នុងកម្មវិធីជួប និងសំណេះសំណាលជាមួយអ្នកគាំទ្រ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៥ របស់ក្លិបកាលពីថ្មីៗ ថ្នាក់ដឹកនាំក្លិបខាងលើបានបញ្ជាក់ថា «ក្រោយជួបនូវរដូវកាលដ៏ខកចិត្តពីរបីរដូវកាលកន្លងមក យើងបានត្រៀមខ្លួនក្នុងការផ្លាស់ប្ដូរថ្មីមួយ ក្នុងនោះយើងនឹងប្រកាសជូនឆាប់ៗ ទាំងក្រុមការងារគ្រូបង្វឹក និងកីឡាករមួយចំនួន»។
ពាក់ព័ន្ធនឹងកីឡាករ លោកថានឹងមានកីឡាករមួយចំនួនត្រូវនាំចូល ហើយរក្សាទុកនៅកីឡាករសំខាន់ៗមួយចំនួន។ ការណ៍នេះច្បាស់ណាស់បឹងកេត អាចនឹងចែកផ្លូវជាមួយកីឡាករមួយចំនួន ដ្បិតក្រោយបញ្ចប់រដូវកាលមកទល់ពេលនេះ ពួកគេមិនទាន់ប្រកាសពីការចាកចេញរបស់កីឡាករណាម្នាក់ឡើយ។
លោកថា «នឹងមានការនាំចូល ក៏ដូចជារក្សាទុកនូវកីឡាករសំខាន់របស់ក្លិបដែល។ ការនាំចូលកីឡាករថ្មីៗបន្ថែមទៀត ដើម្បីជួយ និងប៉ះប៉ូវនូវកន្លែងដែលយើងខ្វះខាត ហើយសង្ឃឹមថា ប្អូនៗកីឡាករនៅអង្គុយនេះ (កីឡាករមានស្រាប់) ធ្វើម៉េចប្ដេជ្ញាចិត្តជួយក្លិប បូករួមជាមួយកម្លាំងនាំចូលថ្មី យើងរៀបចំធ្វើម៉េចដើម្បីយកលទ្ធផលឲ្យបានល្អប្រសើរជាងឆ្នាំមុន និងអាចឈានទៅរកការលើកពានណាមួយក្នុងរដូវកាលថ្មីខាងមុខ»។
គួរដឹងថា សមិទ្ធផល ៣រដូវកាលចុងក្រោយក្នុងលីគ បឹងកេតបានត្រឹមលេខ៤ ក្នុងរដូវកាលឆ្នាំ២០២៣/២៤ និងលេខ៦ នៅរដូវកាលឆ្នាំ២០២៤/២៥ ខណៈរដូវកាលចុងក្រោយ សម្រាប់ឆ្នាំ២០២៥/២៦ អតីតក្រុមជើងឯក ៤សម័យនេះ បានឈរលេខ៤ ក្រោយឆ្លងកាត់ ៣០ប្រកួត ដោយឈ្នះ ១៥ ស្មើ ៨ និងចាញ់ ៧ រកបាន ៥៣ពិន្ទុ។ ចំណែកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វិញ បឹងកេត បានបរាជ័យត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៣រដូវកាលជាប់គ្នា៕





