FIFA ប្រកាសចេញបទចម្រៀងរួមគ្នាដំបូងរវាង Shakira និង Burna Boy ចំណងជើង «Dai Dai» សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ក្នុងគោលបំណងមនុស្សធម៌រៃអង្គាសប្រាក់ ១០០លានដុល្លារ
28-05-2026 11:33
(បរទេស)៖ យោងតាមការចុះផ្សាយផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានឱ្យដឹងថា ភាពរំភើបញាប់ញ័រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 កាន់តែខិតជិតចូលមកដល់ បន្ទាប់ពីការប្រកាសបញ្ចេញបទចម្រៀងផ្លូវការដែលមានចំណងជើងថា «Dai Dai» ដែលជាការចាប់ដៃគ្នារវាងកំពូលតារាចម្រៀងប៉ុបឡាទីនលំដាប់ពិភពលោក Shakira និងស្តេចចម្រៀងរ៉េបអាហ្វ្រិក (Afrobeats icon) Burna Boy ក្រោមការសហការផលិតដោយផលិតកម្ម Sony Music Latin។
បទចម្រៀង «Dai Dai» មិនត្រឹមតែបង្កើតឡើង ដើម្បីញ៉ាំងបរិយាកាស បញ្ឆេះអារម្មណ៍អ្នកគាំទ្រ និងបង្ហាញពីថាមពលនៃស្មារតីកីឡាបាល់ទាត់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានជ្រើសរើសជាបទចម្រៀងស្នូលក្នុងការគាំទ្រដល់គម្រោងមនុស្សធម៌សកលដ៏ធំមួយ។
យុទ្ធនាការមនុស្សធម៌ និងគោលដៅរៃអង្គាសប្រាក់ ១០០លានដុល្លារ តាមរយៈការបញ្ចេញបទចម្រៀងផ្លូវការនេះ ស្ថាប័ន FIFA បានប្រកាសថា បទ «Dai Dai» នឹងដើរតួជាកាតាលីករ (Catalyst) ក្នុងការគាំទ្រដល់ «មូលនិធិអប់រំប្រជាពលរដ្ឋសកលរបស់ FIFA» (FIFA Global Citizen Education Fund)។ មូលនិធិនេះមានគោលដៅយុទ្ធសាស្ត្រក្នុងការរៃអង្គាសថវិកាឱ្យបាន ១០០លានដុល្លារអាមេរិក នៅត្រឹមពេលដែលព្រឹត្តិការណ៍ប្រកួត World Cup 2026 ត្រូវបានបញ្ចប់ជាស្ថាពរ។
ថវិកាដែលប្រមូលបានទាំងអស់ នឹងត្រូវយកទៅប្រើប្រាស់ក្នុងយុទ្ធនាការមនុស្សធម៌សកលរួមមាន៖ ការផ្តល់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព សម្រាប់កុមារដែលរស់នៅក្នុងសហគមន៍ខ្វះខាត និងតំបន់ដាច់ស្រយាលនៅជុំវិញពិភពលោក។ ការបង្កើតឱកាស និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពកីឡាបាល់ទាត់សម្រាប់យុវជនជំនាន់ក្រោយ។
ការបរិច្ចាគសប្បុរសធម៌ពីសំណាក់តារាចម្រៀង និងដៃគូសហការ ដើម្បីជម្រុញឱ្យយុទ្ធនាការនេះកាន់តែមានប្រសិទ្ធភាព តារាចម្រៀងស្រី Shakira បានប្រកាសភាពជាដៃគូជាមួយអង្គការ Global Citizen និង FIFA ដោយនាងនឹងធ្វើការបរិច្ចាគរាល់ប្រាក់សួយសារអាករ (Royalties) ទាំងអស់ដែលទទួលបានពីការចុចស្តាប់ និងទស្សនាបទ «Dai Dai» ចូលទៅក្នុងមូលនិធិអប់រំខាងលើផ្ទាល់តែម្តង។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនថតសំឡេងយក្ស Sony Music ក៏បានប្តេជ្ញាចិត្តចូលរួមបរិច្ចាគទឹកប្រាក់បន្ថែមចំនួន ២៥០,០០០ដុល្លារអាមេរិកភ្លាមៗ ដើម្បីគាំទ្រដល់ការចាប់ផ្តើមនៃមូលនិធិនេះផងដែរ។
បង្កើតប្រវត្តិសាស្ត្រថ្មី ការសម្តែង Halftime Show ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រៅពីការបកស្រាយបទចម្រៀងផ្លូវការ តារាចម្រៀង Shakira ក៏នឹងត្រូវឡើងសម្តែងក្នុងកម្មវិធី FIFA World Cup 2026™ Final Halftime Show នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។ នេះគឺជាការបង្កើតរបត់ប្រវត្តិសាស្ត្រថ្មីស្រឡាងមួយសម្រាប់ព្រឹត្តិការណ៍ World Cup ដែលជាលើកដំបូងបំផុតមានការរៀបចំកម្មវិធីប្រគំតន្ត្រីពាក់កណ្តាលតង់ (Halftime Show) នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយមានការចូលរួមពីសិល្បករល្បីៗកម្រិតសកលលោក ដើម្បីអបអរសាទរទាំងផ្នែកកីឡា វប្បធម៌ និងស្មារតីមនុស្សធម៌រួមគ្នា។
គួរបញ្ជាក់ផងដែរថា បទចម្រៀង «Dai Dai» គឺជាផ្នែកមួយនៃអាល់ប៊ុមផ្លូវការ «FIFA World Cup 2026 Official Album» ដែលអាល់ប៊ុមទាំងមូលនឹងត្រូវបង្ហាញខ្លួនជាបន្តបន្ទាប់នៅសប្តាហ៍ខាងមុខ ដោយមានការចូលរួមពីសិល្បករមកពីគ្រប់ទ្វីប គ្រប់ទម្រង់តន្ត្រី និងវប្បធម៌ចម្រុះ ដើម្បីឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការផ្សារភ្ជាប់អ្នកគាំទ្រទូទាំងសកលលោកតាមរយៈភាសាពីរគឺ «តន្ត្រី និងបាល់ទាត់»៕





