CEO ក្រុមហ៊ុន Nvidia ប្រកាស គ្រោងចំណាយ ១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗនៅតៃវ៉ាន់ ដែលជាបេះដូងនៃបដិវត្តន៍ AI
28-05-2026 11:36
(បរទេស)៖ លោក Jensen Huang នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនផលិតបន្ទះឈីបតម្លៃ ៥ទ្រីលានដុល្លារ Nvidia បានប្រកាសពីផែនការមហិច្ឆតាដ៏ធំមួយនៅថ្ងៃពុធសប្តាហ៍នេះ ដោយក្រុមហ៊ុនគ្រោងនឹងវិនិយោគទឹកប្រាក់រហូតដល់ទៅប្រមាណ ១៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗនៅតៃវ៉ាន់។ លោកបានមានប្រសាសន៍នៅលើឆាកចំពោះមុខបុគ្គលិក និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករថា៖ «កាលពី ៤ ឬ ៥ ឆ្នាំមុន Nvidia ចំណាយប្រហែល ១០ ទៅ ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅតៃវ៉ាន់។ ប៉ុន្តែឥឡូវនេះយើងកំពុងចំណាយរហូតដល់ ១០០ ពាន់លានដុល្លារ ហើយវានឹងកើនឡើងដល់ ១៥០ ពាន់លានដុល្លារនៅតៃវ៉ាន់ជារៀងរាល់ឆ្នាំ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
មហាសេដ្ឋីលំដាប់ Rockstar រូបនេះបានលើកឡើងបែបនេះ ក្នុងកម្មវិធីអបអរសាទរគម្រោងបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ Nvidia ប្រចាំនៅតៃវ៉ាន់ក្នុងឆ្នាំនេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០ ខាងមុខ និងផ្តល់ការងារដល់មនុស្សប្រហែល ៤,០០០ នាក់។ លោក Huang បានសង្កត់ធ្ងន់ពីតម្លៃមិនអាចខ្វះបាននៃស្រុកកំណើតរបស់លោកមួយនេះថា៖ «តៃវ៉ាន់គឺជាចំណុចកណ្តាលនៃបដិវត្តន៍ AI។ ទីនេះជាកន្លែងដែលបន្ទះឈីបត្រូវបានផលិត វគ្គវេចខ្ចប់ត្រូវបានធ្វើឡើង ប្រព័ន្ធផ្សេងៗត្រូវបានបង្កើតឡើង និងជាកន្លែងដែលកុំព្យូទ័រកំពូល (AI Supercomputers) ត្រូវបានបង្កើតឡើង។ ចំនួនដៃគូដែលយើងធ្វើការជាមួយគ្នានៅទីនេះក្នុងតៃវ៉ាន់ គឺជារឿងដ៏អស្ចារ្យបំផុត»។
ការបោះទុនក្នុងទំហំទឹកប្រាក់មហាសាលនេះ នឹងជួយឱ្យ Nvidia កាន់តែខិតជិតទៅរកស្តេចផលិតឈីប TSMC ដែលជាអ្នកផលិតបន្ទះឈីបពាក់កណ្តាលសម្រេចកម្រិតខ្ពស់ផ្គត់ផ្គង់ដល់ខ្លួន ព្រមទាំងពង្រឹងសម្ព័ន្ធភាពជាមួយដៃគូធំៗផ្សេងទៀតដូចជា Foxconn, Wistron និង Quanta ក្នុងការបង្កើតម៉ាស៊ីនមេ និងហេដ្ឋារចនាសម្ព័ន្ធ AI។ តៃវ៉ាន់បានក្លាយជាសមរភូមិដណ្តើមឧត្តមភាពបច្គេកវិទ្យាយ៉ាងក្តៅគគុក ដោយកាលពីសប្តាហ៍មុន ក្រុមហ៊ុនគូប្រជែង AMD ក៏ទើបតែប្រកាសបោះទុនជាង ១០ ពាន់លានដុល្លារក្នុងវិស័យ AI នៅតៃវ៉ាន់នេះដែរ។
គួរជម្រាបថា Nvidia ដែលទើបតែបង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមហ៊ុនដំបូងគេមានតម្លៃទីផ្សារដល់ ៥ ទ្រីលានដុល្លារកាលពីចុងឆ្នាំមុន ត្រូវបានលោក Huang ព្យាករណ៍ថា នឹងមានតម្លៃកាន់តែច្រើនថែមទៀតក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ កំពុងផ្តល់ជំនឿចិត្តយ៉ាងខ្លាំងដល់វិនិយោគិនថា ខ្លួនអាចរក្សាកំណើនដ៏ខ្លាំងក្លានេះទៅមុខទៀត តាមរយៈផលិតផលថ្មីៗដែលអាចជួយរុញច្រានការលក់ឱ្យទម្លាយរហូតដល់ទៅ ១ ទ្រីលានដុល្លារ សម្រាប់ប្រភេទបន្ទះឈីប AI ឈានមុខគេរបស់ខ្លួន៕












