Barcelona ព្រមព្រៀងលើតម្លៃផ្ទេរជាង ៦៩លានផោន សម្រាប់ខ្សែប្រយុទ្ធអង់គ្លេស Gordon ពីក្លិប Newcastle

28-05-2026 11:50

(បរទេស)៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានព្រមព្រៀងលើតម្លៃទិញប្រមាណ ៦៩.៣លានផោនសម្រាប់កីឡាករ Anthony Gordon របស់ក្លិបសារិកាព្រៃ Newcastle United។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Gordon ទាត់បញ្ចូលទីបាន ១៧គ្រាប់នៅគ្រប់ការប្រកួតទាំងអស់របស់ Newcastle រដូវកាលនេះ និងរង់ចាំតែពិភាក្សាចុងក្រោយតែប៉ុណ្ណោះជុំវិញតម្លៃខ្លួន មុនពេលផ្ទេរចេញពីអង់គ្លេសផ្លាស់ទៅលេងនៅទឹកដីអេស្ប៉ាញវិញជាមួយក្រុមជើង ឯកលីគ La Liga រដូវកាល ២០២៥-២៦។

នេះមានន័យថា Newcastle ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១២ នៅក្របខណ្ឌ Premier League រដូវកាលនេះ កំពុងប្រឈមុខការបាត់បង់ម៉ាស៊ីនរកគ្រាប់ជាលើកទី២ ដែលពួកគេទើបលក់ចេញខ្សែប្រយុទ្ធ Alexander Isak ទៅឱ្យហង្សក្រហម Liverpool នារដូវកាលមុន។

Gordon ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផ្ទេរជាផ្លូវការនៅមុនពេលរួមដំណើរជាមួយមិត្តរួមក្រុមអង់គ្លេសផ្សេងទៀត ដើម្បីបោះជំរំហ្វឹកហាត់នៅសហរដ្ឋអាមេរិក ត្រៀមលេងពាន World Cup 2026 ដែលចាប់ផ្តើមនាថ្ងៃទី១១ ខែមិថុនាខាងមុខ៕