ស្រាយចម្ងល់ ក្រុមរបស់អង់គ្លេសបានកើនដល់ ៩កៅអីស្វ័យប្រវត្តិ លេងពានអឺរ៉ុបទាំង៣ សម្រាប់រដូវកាលក្រោយ

28-05-2026 13:18

(បរទេស)៖ រដូវកាលលីគកំពូលអង់គ្លេស Premier League 2025-26 ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយកាលពីរាត្រីថ្ងៃអាទិត្យ ទី២៤ ខែឧសភាសប្តាហ៍មុន ដោយមានក្រុមកាំភ្លើងធំ Arsenal ដណ្តើមបានជើងឯក ក្រោយរង់ចាំអស់ ២២ឆ្នាំ។

ទន្ទឹមគ្នានោះ Aston Villa ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងលីគ ក៏ឈ្នះជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ថែមទៀត មុនពេល Crystal Palace មិនស្ថិតក្នុង Top-5 បានផ្តួល Rayo Vallecano ១-០ ដើម្បីលើកពាន UEFA Europa Conference League រដូវកាលនេះ ដែលជាហេតុញាំងឱ្យអង់គ្លេស កើនបានដល់ទៅ ៩កៅអីលេងពានអឺរ៉ុបទាំង៣ នារដូវកាល ២០២៦-២៧។

១៖ ពានកម្រិតទី១ UEFA Champions League 2026-27

Arsenal, Manchester City, Manchester United, Aston Villa និង Liverpool នឹងលេងវគ្គសន្សំពិន្ទុនៅ League Phase នៃក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ។ ក្រុមរបស់លោក Arne Slot ដែលជាជើងឯក PL រដូវកាលមុននោះ បានបញ្ចប់ក្នុងតំណែងលេខ៥ ក្រោយលេងស្មើ ១-១ ទល់នឹង Brentford នៅថ្ងៃបិទរដូវកាល។

តាមធម្មតា ក្រុមនៅលីគកំពូលអង់គ្លេសពីលេខ១ ដល់លេខ៤ នឹងទទួលបានកៅអីស្វ័យប្រវត្តិលេងពាន UCL រដូវកាលក្រោយ។

ក៏ប៉ុន្តែអង់គ្លេស ទទួលបាន ៥កៅអីស្វ័យប្រវត្តិ ២រដូវកាលជាប់ៗគ្នាតាំងពីរដូវកាលមុន ដោយសារមានពិន្ទុល្អ (ពិន្ទុខ្ពស់) នៅក្នុងតារាង European Performance Sports (EPS) ធៀបទៅនឹងលីគដទៃនៅទូទាំងទ្វីបអឺរ៉ុប។

Aston បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងលីគស្ថិតនៅពីលើ Liverpool ដែលជាតំបន់មានកៅអីលេង UCL រួចស្រេចហើយ បើទោះបីជាក្រុមរបស់លោក Unai Emery មិនឈ្នះពាន UEL ក៏ដោយ។

ត្រង់នេះគេហទំព័រ Premier League បានពន្យល់ថា ប្រសិនបើ Aston មិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នៅ PL ក៏ពួកគេបានលេង UCL 2026-27 ដែរ ក៏ព្រោះពួកគេជាម្ចាស់ជើងឯក UEFA Europa League រដូវកាលនេះ ហើយកៅអី UCL នឹងកើនបាន ៦ក្រុមយ៉ាងប្រាកដ។ នេះមានន័យថា Aston លេងក្នុងនាមកៅអី Top-5 ក្នុងលីគ ពុំមែនជាកៅអីដែលបានពីការឈ្នះ UEL ឡើយ។

២៖ ពានកម្រិតទី២ អឺរ៉ុប UEFA Europa League 2026-27

AFC Bournemouth និង Sunderland ដែលបានបញ្ចប់ក្នុងតំណែងលេខ៦ និងលេខ៧ មានកៅអីលេងវគ្គ League Phase នៃពានលំដាប់ទី២ អឺរ៉ុបរដូវកាលក្រោយ នៅពេលដែល Crystal Palace ក៏មានកៅអីលេងដូចគ្នា ក្នុងនាមជាជើងឯកពានលំដាប់ទី៣ UEFA Europa Conference League រដូវកាលនេះ។ Crystal ឈរនៅចំណាត់ថ្នាក់លេខ១៥ ក្នុងលីគរដូវកាលនេះ។

៣៖ ពានរង្វាន់លំដាប់ទី៣ UEFA Conference League 2026-27

Brighton & Hove Albion នឹងលេងក្នុងវគ្គចែកពូលពាន UEFA Europa Conference League រដូវកាលក្រោយ ក្នុងនាមជាក្រុមបញ្ចប់ក្នុងតំណែងលេខ៨ រដូវកាលនេះនៅ Premier League។ ពួកគេធ្លាប់ឈានដល់វគ្គ ១៦ក្រុមនៃ UEL 2023-24 កាលបង្ហាញខ្លួនក្នុងពានអឺរ៉ុបនេះលើកដំបូង៕