Universal Music Group និង TikTok ត្រូវរ៉ូវគ្នាវិញ ព្រមចាប់ដៃគ្នាបង្ក្រាបបទចម្រៀង AI ក្លែងក្លាយ
28-05-2026 16:48
(បរទេស)៖ ក្រុមហ៊ុនតន្ត្រីយក្ស Universal Music Group (UMG ) និងកម្មវិធីវីដេអូខ្លីៗ TikTok បានប្រកាសជាផ្លូវការអំពីការបន្តកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណតន្ត្រីជាមួយគ្នាឡើងវិញ។ ចំណុចស្នូលនៃកិច្ចព្រមព្រៀងថ្មីនេះ គឺការប្តេជ្ញាចិត្តរួមគ្នាក្នុងការលុបបំបាត់រាល់បទចម្រៀងដែលបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដោយគ្មានការអនុញ្ញាត ដើម្បីការពារផលប្រយោជន៍ និងកម្មសិទ្ធិបញ្ញារបស់សិល្បករពិតប្រាកដ។
ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីភាគីទាំងពីរបានឆ្លងកាត់ភាពតានតឹងយ៉ាងខ្លាំងក្នុងឆ្នាំ២០២៤ ដែលនៅពេលនោះ UMG បានសម្រេចចិត្តដកបញ្ជីបទចម្រៀងល្បីៗរបស់ខ្លួនចេញពី TikTok ជាបណ្តោះអាសន្ន ក្រោមហេតុផលថា TikTok មិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហារក្សាសិទ្ធិ និងបទចម្រៀង AI ក្លែងក្លាយ។ ភាគីទាំងពីរនឹងសហការគ្នាយ៉ាងតឹងរ៉ឹង ដើម្បីស្វែងរក និងលុបចេញនូវបទចម្រៀង AI ដែលគ្មានច្បាប់អនុញ្ញាត ជាពិសេសបទចម្រៀងដែលប្រើបច្ចេកវិទ្យាបន្លំយកសំឡេងតារាល្បីៗ (ដូចជាករណីបន្លំសំឡេងតារាចម្រៀង Drake និង The Weeknd ដែលធ្លាប់ល្បីខ្លាំងកន្លងទៅ)។ កិច្ចព្រមព្រៀងនេះធានាថា ផលចំណេញផ្នែកសេដ្ឋកិច្ច ឬប្រាក់ចំណូលដែលបានមកពីការប្រើប្រាស់តន្ត្រីនៅលើប្រព័ន្ធ TikTok នឹងត្រូវហូរទៅដល់ដៃសិល្បករ និងអ្នកនិពន្ធបទចម្រៀងពិតប្រាកដ មិនមែនទៅលើប្រព័ន្ធ Algorithms នៃបទចម្រៀង AI នោះឡើយ។ TikTok បន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការផ្តល់ចំណូលដល់ម្ចាស់សិទ្ធិ ដោយកាលពីឆ្នាំមុនបានបង្កើតមុខងារ «TikTok for Artists» ដើម្បីជួយផ្សព្វផ្សាយ និងផ្តល់ទិន្នន័យស៊ីជម្រៅទៅកាន់ផលិតកម្មតន្ត្រី។
គួរជម្រាបថា ការចាប់ដៃគ្នារវាង UMG និង TikTok មិនត្រឹមតែជាការដោះស្រាយជម្លោះផ្ទៃក្នុងនោះទេ ប៉ុន្តែវាត្រូវបានគេមើលឃើញថាជា «គំរូស្តង់ដារថ្មី» សម្រាប់វិស័យបច្ចេកវិទ្យា និងឧស្សាហកម្មតន្ត្រីទូទាំងពិភពលោក។ វិធានការនេះស្របពេលដែលសហភាពអឺរ៉ុប (EU) និងរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក កំពុងតែរឹតបន្តឹងច្បាប់ទម្លាប់ទៅលើមាតិកាដែលបង្កើតដោយ AI ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយដទៃទៀតជៀសមិនផុតពីការរៀបចំប្រព័ន្ធគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ដូចគ្នា៕








