Neymar អាចអវត្តមានពីការប្រកួតបើកឆាករបស់ប្រេស៊ីលនៅ World Cup 2026 ដោយសាររបួស
29-05-2026 10:29
(បរទេស)៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar នឹងមិនមានឈ្មោះលេងឱ្យប្រទេសរបស់លោកឡើយ នៃជំនួបមិត្តភាពអន្តរ ជាតិ ២ប្រកួតខាងមុខ និងទំនងជាត្រូវអវត្តមានទៀតផង នៅថ្ងៃបើកឆាក World Cup 2026 ដោយសារបញ្ហារបួសមិនទាន់ជាសះស្បើយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករពាក់លេខ១០ វ័យ ៣៤ឆ្នាំរូបនេះនឹងត្រូវអវត្តមានពី ២-៣សប្តាហ៍ទៀត ដើម្បីព្យាបាលក្រលៀន ដែលមានន័យថា Neymar នឹងខកខានប្រកួតមិត្តភាពរបស់សាំបាទល់នឹងក្រុមជម្រើសជាតិប៉ាណាម៉ានាថ្ងៃអាទិត្យចុងសប្តាហ៍នេះ មុនប៉ះអេហ្ស៊ីប នៅរដ្ឋ Ohio សហរដ្ឋអាមេរិកនាថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦។
នៅចាំបានថា Neymar ដែលបានកំពុងប្រកបអាជីពបាល់ទាត់នៃក្លិបក្នុងស្រុក Santos មិនបានបង្ហាញខ្លួនក្នុងប្រកួតណាមួយឡើយជាមួយអតីតក្រុមជើងឯក World Cup ៥សម័យកាលច្រើនជាងគេ គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយសាររងរបួសជង្គង់ធ្ងន់ធ្ងរ នៅអំឡុងប្រេស៊ីលបានចាញ់អ៊ុយរូហ្គាយ ២-០ រួចមក។
សាំបាប្រេស៊ីល ដែលបានខកខានឈ្នះពាន World Cup គិតចាប់តាំងពីដណ្តើមបានចុងក្រោយកាលឆ្នាំ២០០២ នៅដែនដីអាស៊ី នឹងបើកឆាកប្រកួតសន្សំពិន្ទុប្រចាំពូល C នៅ WC26 របស់ពួកគេនៅថ្ងៃទី១៣ ខែមិថុនា ត្រូវប្រឈមមុខនឹងម៉ារ៉ុក នៅក្នុងរដ្ឋ New Jersey មុនប៉ះហៃទី ៦ថ្ងៃបន្ទាប់នៅក្នុងរដ្ឋ Philadelphia និងថ្ងៃទី២៤ នៃខែដដែលជួបស្កុតឡេន នៅទីក្រុង Miami ជាកិច្ចបញ្ចប់៕



