ក្រុមហ៊ុន Anthropic វ៉ាដាច់ OpenAI ក្រោយកៀរគរទុនបាន ៦៥ពាន់លានដុល្លារ ធ្វើឱ្យតម្លៃទីផ្សារហក់ឡើងជិត ១ទ្រីលានដុល្លារ
29-05-2026 10:33
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា AI ឈានមុខ Anthropic នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានប្រកាសពីការកៀរគរទុនជោគជ័យក្នុងជុំទី៨ (Series H) ក្នុងទំហំទឹកប្រាក់រហូតដល់ ៦៥ពាន់លានដុល្លារ ដែលធ្វើឱ្យតម្លៃវាយតម្លៃសរុបរបស់ក្រុមហ៊ុនហក់ឡើងដល់ ៩៦៥ពាន់លានដុល្លារ។ តួលេខដ៏មហិមានេះ បានរុញច្រានឱ្យ Anthropic វ៉ាដាច់គូប្រជែងដ៏ធំរបស់ខ្លួនគឺក្រុមហ៊ុន OpenAI (ដែលត្រូវបានវាយតម្លៃ ៨៥២ ពាន់លានដុល្លារ កាលពីខែមីនា) ដើម្បីក្លាយជាក្រុមហ៊ុន AI មានតម្លៃបំផុតមួយក្នុងពិភពលោក។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
ការកើនឡើងតម្លៃក្រុមហ៊ុនជាងទ្វេដង (ធៀបនឹង ៣៨០ពាន់លានដុល្លារកាលពីខែកុម្ភៈ) នេះ គឺដោយសារតែការគាំទ្រយ៉ាងខ្លាំងពីវិនិយោគិនធំៗ និងដៃគូយុទ្ធសាស្ត្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមានក្រុមហ៊ុន Amazon, Samsung, Micron និង SK Hynix ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុន Anthropic មានអត្រាចំណូលប្រចាំឆ្នាំកើនឡើងហួសពី ៤៧ពាន់លានដុល្លារ ដោយសារតម្រូវការប្រើប្រាស់កម្មវិធី Chatbot «Claude» មានការកើនឡើងខ្លាំងពីសំណាក់សហគ្រាសសកល។
ទោះជាយ៉ាងណា កំណើនអ្នកប្រើប្រាស់យ៉ាងគំហុកនេះ បានបង្ខំឱ្យ Anthropic ជួបបញ្ហាប្រឈមលើការផ្គត់ផ្គង់ និងត្រូវកំណត់កម្រិតប្រើប្រាស់ក្នុងម៉ោងដែលមានមនុស្សប្រើច្រើន។ ដើម្បីដោះស្រាយបញ្ហានេះ ថវិកាដែលកៀរគរបាននឹងត្រូវយកទៅពង្រឹងសមត្ថភាពប្រព័ន្ធកុំព្យូទ័រ (Computing capacity) និងបង្ហាត់ម៉ូដែល AI ថ្មីៗ។ ជាមួយគ្នានេះ យោងតាមប្រភពពីអ្នកជំនាញខាងធនាគារ ទាំងក្រុមហ៊ុន Anthropic និង OpenAI ហាក់កំពុងត្រៀមលក្ខណៈឈានជើងចូលទីផ្សារភាគហ៊ុនសាធារណៈ (IPO) យ៉ាងលឿនបំផុតនៅក្នុងឆ្នាំនេះ ដើម្បីបន្តស្វែងរកទុនបន្ថែមទៀត៕








