ក្រុមហ៊ុន Netflix បង្កើតស្ទូឌីយោផលិតគំនូរជីវចលដោយប្រើបច្ចេកវិទ្យា AI ឈ្មោះថា «INKubator»
29-05-2026 11:20
(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្មទស្សនាវីដេអូតាមអនឡាញ Netflix បាននិងកំពុងបង្កើតស្ទូឌីយោផលិតគំនូរជីវចល (Animation) ផ្ទៃក្នុងមួយដោយសម្ងាត់ ដែលផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបង្កើតក្តី (Generative AI) មានឈ្មោះថា «INKubator»។ ស្ទូឌីយោថ្មីនេះ ត្រូវបានបង្កើតឡើងតាំងពីខែមីនា ឆ្នាំ២០២៦ មកម្ល៉េះ ដែលជាផ្នែកមួយនៃការបង្កើនការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងខ្សែសង្វាក់ផលិតកម្មមាតិការបស់ខ្លួន។ ស្ទូឌីយោនេះត្រូវបានដឹកនាំដោយលោកស្រី Serrena Iyer អតីតនាយកប្រតិបត្តិផ្នែកយុទ្ធសាស្ត្រ និងប្រតិបត្តិការនៃស្ទូឌីយោល្បីៗដូចជា DreamWorks Animation, A24 និង MRC Studios។
គម្រោង INKubator នេះត្រូវបានបង្កើតឡើងក្រោមយុទ្ធសាស្ត្រស្នូលពីរដំណាក់កាល៖
១៖ ក្នុងរយៈពេលខ្លី៖ ស្ទូឌីយោនឹងផ្តោតលើការប្រើប្រាស់ប្រព័ន្ធផលិតកម្ម AI (AI-native production pipelines) ដើម្បីបង្កើតវីដេអូគំនូរជីវចលខ្លីៗ (Animated Shorts) និងវីដេអូពិសេសៗ (Specials) ដោយផ្អែកលើកម្មសិទ្ធិបញ្ញា (IP) ដែលមានស្រាប់ និងជោគជ័យរបស់ Netflix។
២៖ ក្នុងរយៈពេលវែង៖ Netflix មានមហិច្ឆតានឹងពង្រីកវិសាលភាពពីវីដេអូខ្លីៗ ទៅជាការផលិតខ្សែភាពយន្តគំនូរជីវចលខ្នាតធំ (Feature Films) តែម្តង។
យោងតាមការបញ្ជាក់ពី Netflix គំនិតផ្តួចផ្តើមនេះ គឺចង់ផ្តល់ជូនអ្នកបង្កើតទម្រង់សិល្បៈ (Creators) នូវបរិស្ថានការងារដែលផ្តោតលើសិល្បករជាចម្បង ដើម្បីឱ្យពួកគេអាចពិសោធន៍ និងស្វែងយល់ពីរបៀបប្រើប្រាស់ឧបករណ៍ និងវគ្គការងារ (Workflows) ថ្មីៗរបស់ AI ផ្សំជាមួយសិល្បៈគំនូរជីវចលបែបប្រពៃណី ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនៃការនិទានរឿងឱ្យកាន់តែល្អប្រសើរ។ ទោះបីជា Netflix អះអាងថា ស្ទូឌីយោនេះនឹងក្លាយជាឧបករណ៍ជំនួយការងាររបស់សិល្បករ ដើម្បីឱ្យពួកគេអាចផ្តោតលើការច្នៃប្រឌិតធំៗ និងជួយកាត់បន្ថយការងារដែលដដែលៗក៏ដោយ ប៉ុន្តែការបោះជំហាននេះបានរងការរិះគន់ និងការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់សហគមន៍អ្នកផលិតគំនូរជីវចលអន្តរជាតិ (International Animators)។
ស្ទូឌីយោថ្មីនេះ ដឹកនាំដោយអតីតនាយកប្រតិបត្តិមកពីក្រុមហ៊ុន DreamWorks គឺលោកស្រី Serrena Iyer ហើយបច្ចុប្បន្នកំពុងប្រកាសជ្រើសរើសបុគ្គលិកជំនាញៗជាច្រើនរូប ដូចជា ផលិតករ, អ្នកដឹកនាំបច្ចេកទេស, វិស្វករកម្មវិធី (Software Engineers) និងសិល្បករ CG (CG Artists)។ គោលដៅដំបូងរបស់ «INKubator» គឺការផលិតវីដេអូគំនូរជីវចលខ្នាតខ្លីសម្រាប់កម្មវិធីទូរស័ព្ទ និងកម្មវិធីកុមាររបស់ Netflix ដើម្បីប្រកួតប្រជែងជាមួយ YouTube មុននឹងពង្រីកខ្លួនទៅផលិតខ្សែភាពយន្តខ្នាតធំនៅថ្ងៃអនាគត។ Netflix បានបញ្ជាក់ថា នេះជាការបង្កើតបរិស្ថានការងារថ្មីមួយដែលជួយសម្រួលដល់សិល្បករក្នុងការផលិតវីដេអូបានលឿន និងចំណាយដើមទុនតិចជាងមុន។
ទោះជាយ៉ាងណា គម្រោងនេះបានផ្ទុះការតវ៉ា និងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហគមន៍អ្នកផលិតគំនូរជីវចលអន្តរជាតិ ដោយពួកគេបារម្ភថា បច្ចេកវិទ្យា AI នេះនឹងមកដណ្តើមការងារ និងជំនួសតំណែងសិល្បករជាមនុស្សពិតប្រាកដនៅក្នុងឧស្សាហកម្មភាពយន្ត៕









