យល់ដឹងកីឡា៖ ការប្រកួតសន្សំពិន្ទុក្នុងពូលនៅ WC26 មានតែ ១៦ប្រទេសប៉ុណ្ណោះត្រឡប់ទៅផ្ទះមុនគេ ក្រោយលេង ៣ប្រកួត
29-05-2026 12:30
(បរទេស)៖ ការប្រកួតសន្សំពិន្ទុទាំង ១២ពូល (A-L) សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងចាប់ផ្តើមពីរាត្រីថ្ងៃព្រហស្បតិ៍ ឆ្លងចូលថ្ងៃសុក្រ ទី១២ ខែមិថុនា និងបិទបញ្ចប់ត្រឹមថ្ងៃទី២៨ នៃខែដដែល ដោយមានតែ ១៦ក្រុមប៉ុណ្ណោះ ក្នុងចំណោម ៤៨ប្រទេសសរុបត្រូវហាលអាវត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការប្រកួត ៣លើក។
នេះមានន័យថា ក្រុមលេខ១-២ តាមពូលនីមួយៗ ទទួលបានកៅអីស្វ័យប្រវត្តិតែម្តង ដើម្បីឆ្លងចូលវគ្គចាញ់-ធ្លាក់ ៣២ក្រុមបន្តទៀត នៅពេលក្រុមលេខ៣ ល្អចំនួន ៨ក្រុម ក៏ត្រូវវាយតម្លៃ និងជ្រើសរើសក្នុងការយកទៅបំពេញបន្ថែមវគ្គ ៣២ក្រុមនោះដែរ។
ទោះជាយ៉ាងណា ក្រុមជើងឯក ជើងឯករង ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ត្រូវលេង ៨ប្រកួតជាមួយនឹងការចាយពេលប្រមាណ ៦០ថ្ងៃផងដែរ ដើម្បីស្នាក់នៅប្រទេសម្ចាស់ផ្ទះមានដូចជា សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ក្នុងដំណើរស្វែងរកជើងឯកពិភពលោក World Cup ជំនាន់ទី២៣ នេះ។
ទន្ទឹមគ្នានោះដែរ ទាំង ១៦ប្រទេសដែលមិនអាចឡើងទៅវគ្គបន្តបាន ក៏ទទួលបានរង្វាន់លួងចិត្តប្រមាណជិត ១០លានដុល្លារ/ក្រុម ដើម្បីត្រឡប់ទៅផ្ទះវិញដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ goal the ball៕



